ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំលុតជង្គង់ និងច្រត់ដៃឡើង ទាំងញាប់ញ័រ។ លោកនោះពោលមកខ្ញុំថា៖ «លោកដានីយ៉ែលអើយ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។ លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះរបស់លោក ទ្រង់ក៏ព្រះសណ្ដាប់ឮពាក្យរបស់លោក ហេតុនេះបានជាខ្ញុំមកជួបលោក។ ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្ដេចនានារបស់ជនជាតិពែរ្ស។ ខ្ញុំមកពន្យល់ប្រាប់លោកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់លោក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។ ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំឱនមុខចុះ នៅស្ងៀម ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ តើខ្ញុំប្របាទនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំប្របាទគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំប្របាទក៏ខ្សោយដែរ»។ ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ រួចហើយលោកពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលលោកមានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបលោកថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំប្របាទចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំប្របាទមានកម្លាំងហើយ»។ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។ ប៉ុន្តែ ខ្ញុំចង់ជម្រាបលោកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែលជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។
អាន ដានីយ៉ែល 10
ស្ដាប់នូវ ដានីយ៉ែល 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 10:10-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ