នៅពេលផ្ទំ យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖ នៅកណ្ដាលផែនដី មានដើមឈើមួយដើមយ៉ាងខ្ពស់អស្ចារ្យ ដើមឈើនេះដុះកាន់តែធំឡើងៗ ហើយមាំទៀតផង ចុងរបស់វាខ្ពស់រហូតដល់មេឃ សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។ ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែយ៉ាងច្រើនបរិបូណ៌ សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់ សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ទទួលអាហារ ពីដើមឈើនេះ។ ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះ គឺមាន: ទេវតា*ដ៏វិសុទ្ធ*មួយរូបចុះពីលើមេឃមក លោកស្រែកយ៉ាងខ្លាំងៗថា: ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ ចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា ហើយឲ្យបក្សាបក្សីទាំងឡាយ ហើរចេញពីមែករបស់វាដែរ! ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា ទុកចោលក្នុងវាលស្មៅ ឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។ ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស ទៀតហើយ តែមានចិត្តជាសត្វ រហូតដល់គម្រប់ប្រាំពីរខួប។ នេះជាការសម្រេចរបស់ទេវតា ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។ នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។ ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ! ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ ដើមឈើនោះគឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជា ទ្រង់បានចម្រើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
អាន ដានីយ៉ែល 4
ស្ដាប់នូវ ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:10-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ