សាស្ដា 2:12-26

សាស្ដា 2:12-26 គខប

ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្ដេច​មុនៗ​ដែរ​ឬ? ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។ មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ខំ​ធ្វើ​នៅ​លើ​ផែនដី​ឡើយ ដ្បិត​ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់​សម្រាប់​ស្ដេច ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ។ មួយ​វិញ​ទៀត គ្មាន​នរណា​ដឹង​ថា ស្ដេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​លើ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹង‌ប្រែង​ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ នៅ​លើ​ផែនដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង‌ប្រែង​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែនដី​នេះ។ មនុស្ស​ម្នាក់​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ការ​ស្ទាត់​ជំនាញ​តែ​បែរ​ជា​ទុក​អ្វីៗ​ដែល​ខ្លួន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ពុំ​បាន​ខំ​ប្រឹង‌ប្រែង​ទាល់​តែ​សោះ។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​ជា​ការ​មួយ​ដ៏​អាក្រក់​បំផុត។ អ្នក​ដែល​ខំ​ប្រឹង‌ប្រែង ខ្វល់​ខ្វាយ​ធ្វើ​ការ​នៅ​លើ​ផែនដី ដើម្បី​សម្រេច​តាម​គោល​បំណង​របស់​ខ្លួន​បែប​នេះ តើ​បាន​ប្រយោជន៍​អ្វី? ដ្បិត​រៀង​រាល់​ថ្ងៃ មាន​តែ​ទុក្ខ​កង្វល់ និង​ទុក្ខ​ព្រួយ សូម្បី​តែ​ពេល​យប់ ចិត្ត​របស់​គេ​ក៏​មិន​ស្ងប់។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​ឲ្យ។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​ម្នាក់​អាច​បរិភោគ ឬ​សប្បាយ​ចិត្ត​បាន​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​មនុស្ស​បាប​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។