ខ្ញុំខិតខំស្វែងយល់អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញ ហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ មនុស្សពុំអាចដឹងជាមុនថា ខ្លួនមានចិត្តស្រឡាញ់ ឬមានចិត្តស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។ អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិត នៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។ អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។ ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។ ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។ ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។ ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលព្រះជាម្ចាស់ប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកម្ដៅថ្ងៃ។ ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។ នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
អាន សាស្ដា 9
ស្ដាប់នូវ សាស្ដា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 9:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ