និក្ខមនំ 9:8-35

និក្ខមនំ 9:8-35 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​ឲ្យ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​ឲ្យ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។ ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន ប្រាប់​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។ លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង​ប្រហារ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​អាច​ប្រៀប​ផ្ទឹម​នឹង​យើង​ឡើយ។ ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្ន‌រោគ​ប្រហារ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ឲ្យ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។ យើង​ទុក​ជីវិត​អ្នក ដើម្បី​ឲ្យ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុស‌សាយ​ពាស‌ពេញ​ផែនដី។ អ្នក​បាន​ជំទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។ ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។ ឥឡូវ​នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជម្រក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។ នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជម្រក។ រីឯ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ក៏​ទុក​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។ លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ ព្រះ‌អម្ចាស់​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។ ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជា‌ជាតិ​អេស៊ីប​កកើត​មក មិន​ដែល​មាន​ដូច្នេះ​ទេ។ នៅ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល មាន​ព្រឹល​ធ្លាក់​មក​លើ​មនុស្ស និង​សត្វ​នៅ​តាម​វាល បំផ្លាញ​តិណ​ជាតិ និង​បំបាក់​ដើម​ឈើ​ទៀត​ផង។ មាន​តែ​ស្រុក​កូសែន​ជា​កន្លែង​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។ ព្រះចៅ​ផារ៉ោន​ក៏​កោះ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​សុចរិត រីឯ​យើង និង​ប្រជា‌រាស្ដ្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។ ចូរ​អង្វរ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​ត​ទៅ​ទៀត។ យើង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។ លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ នោះ​ផ្គរ‌លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះ‌ករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទូលបង្គំ​ដឹង​ថា​ព្រះ‌ករុណា ព្រម​ទាំង​នាម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាច​ព្រះ‌អម្ចាស់​នៅ​ឡើយ»។ ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់ រីឯ​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​មិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។ ពេល​ព្រះចៅ​ផារ៉ោន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ​ដូច្នេះ ស្ដេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី​នៅ​តែ​មានះ​ដដែល។ ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​ម៉ូសេ។