អេសេគាល 18
18
ព្រះអម្ចាស់ដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនប្រព្រឹត្ត
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2#យរ. ៣១.២៩«ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រាអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ? 3យើងជាព្រះដែលមានជីវិតគង់នៅ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - អ្នករាល់គ្នានឹងលែងសូត្រសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ! 4ដ្បិតយើងជាម្ចាស់លើជីវិតរបស់មនុស្សទាំងអស់ គឺទាំងជីវិតរបស់ឪពុក ទាំងជីវិតរបស់កូន។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត។
5ឧបមាថា មានមនុស្សសុចរិតម្នាក់ដែលប្រព្រឹត្តអំពើត្រឹមត្រូវ និងសុចរិត 6គឺគេមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ មិនរួមបវេណីជាមួយប្រពន្ធក្នុងពេលនាងមានរដូវ 7មិនជិះជាន់ ឬលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ 8ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកម្រៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ 9#លវ. ១៨.៥ប្រព្រឹត្តតាមច្បាប់ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
10ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាក់លួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើអាក្រក់បែបនេះ 11គឺប្រព្រឹត្តផ្ទុយពីឪពុក ដោយចូលរួមបរិភោគសំណែននៅលើភ្នំ ប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ ជិះជាន់មនុស្សក្រីក្រទុគ៌ត លួចទ្រព្យសម្បត្តិគេ 12មិនប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង 13ឲ្យប្រាក់គេខ្ចី ដើម្បីយកការ និងទារកម្រៃហួសហេតុ។ តើកូនរបៀបនេះអាចរស់បានឬ? ទេ កូននោះមិនអាចរស់បានឡើយ។ គេត្រូវតែស្លាប់ ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
14ប្រសិនបើមនុស្សអាក្រក់នោះមានកូនប្រុសម្នាក់ កូនប្រុសនោះឃើញអំពើបាបទាំងប៉ុន្មានដែលឪពុកប្រព្រឹត្តតែមិនយកតម្រាប់តាមឪពុក 15គឺមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ 16មិនជិះជាន់គេ មិនរកស៊ីបញ្ចាំ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ 17មិនឃុបឃិតនឹងអំពើអយុត្តិធម៌ មិនចងការប្រាក់ ឬស្វែងរកកម្រៃហួសហេតុ តែប្រតិបត្តិតាមវិន័យ និងប្រព្រឹត្តតាមច្បាប់របស់យើង។ អ្នកនោះនឹងមិនស្លាប់ព្រោះតែកំហុសរបស់ឪពុកឡើយ គឺគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។ 18ឪពុករបស់អ្នកនោះជាមនុស្សជិះជាន់ លួចទ្រព្យសម្បត្តិបងប្អូន ព្រមទាំងប្រព្រឹត្តអំពើមិនគួរគប្បី ក្នុងចំណោមប្រជាជនរបស់ខ្លួនដូច្នេះ គឺឪពុកនោះហើយដែលត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួនផ្ទាល់។
19អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាកូនមិនទទួលទោសជំនួសឪពុក?” គឺមកពីកូននោះប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ កូននោះគោរព និងប្រតិបត្តិតាមច្បាប់ទាំងប៉ុន្មានរបស់យើង ដូច្នេះ គេត្រូវរស់រានមានជីវិត។ 20#ទក. ២៤.១៦អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះត្រូវស្លាប់។ កូនមិនត្រូវទទួលទោសជំនួសឪពុកទេ ឪពុកក៏មិនត្រូវទទួលទោសជំនួសកូនដែរ។ មនុស្សសុចរិតនឹងទទួលរង្វាន់តាមអំពើសុចរិតដែលខ្លួនប្រព្រឹត្ត រីឯមនុស្សទុច្ចរិតក៏នឹងទទួលទោសតាមអំពើទុច្ចរិតដែលខ្លួនប្រព្រឹត្តដែរ។
21ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិនត្រូវស្លាប់ឡើយ។ 22យើងនឹងបំភ្លេចបទល្មើសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គឺអ្នកនោះនឹងរស់រានមានជីវិត ព្រោះតែអំពើសុចរិតដែលគេបានធ្វើ។ 23តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 24រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។
25អ្នករាល់គ្នាពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។ 26ប្រសិនបើមនុស្សសុចរិត លែងប្រព្រឹត្តអំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើទុច្ចរិត គេពិតជាត្រូវស្លាប់ គឺគេស្លាប់ ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ 27ផ្ទុយទៅវិញ ប្រសិនបើមនុស្សទុច្ចរិតលះបង់ចោលអំពើអាក្រក់ដែលខ្លួនប្រព្រឹត្ត ហើយបែរទៅប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ គេនឹងរក្សាជីវិតខ្លួនឲ្យគង់វង្ស។ 28ប្រសិនបើអ្នកនោះភ្ញាក់ស្មារតី ហើយលះបង់អំពើអាក្រក់ទាំងប៉ុន្មាន គេពិតជារស់រានមានជីវិត គឺគេមិនត្រូវស្លាប់ឡើយ។
29ជនជាតិអ៊ីស្រាអែលពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រាអែលអើយ យើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។ 30ហេតុនេះ ជនជាតិអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់ កុំបណ្ដោយឲ្យកំហុសរបស់អ្នករាល់គ្នា បំផ្លាញជីវិតអ្នករាល់គ្នាឡើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 31ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ 32ដ្បិតយើងមិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ស្លាប់ទេ ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.