កាឡាទី 3:1-5

កាឡាទី 3:1-5 គខប

ឱ​បងប្អូន​អ្នក​ស្រុក​កាឡាទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បងប្អូន​ត្រូវ​អំពើ​របស់​នរណា? បងប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​ត្រូវ​គេ​ឆ្កាង​នោះ​យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ! ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បងប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​មក​ពី​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ស្ដាប់? ម្ដេច​ក៏​បងប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បងប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ? បងប្អូន​មាន​ការ​ពិសោធ​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បងប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សម្តែង​បាដិ‌ហារិយ៍​ផ្សេងៗ​ក្នុង​ចំណោម​បងប្អូន​នោះ តើ​ព្រះអង្គ​ធ្វើ​ដូច្នេះ មក​ពី​បងប្អូន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​បងប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បងប្អូន​បាន​ស្ដាប់?