ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។ រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ» ។ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត «មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ» ។ រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ» ។ ដោយព្រះគ្រិស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!» ។ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។ បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។ យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ត។ ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថា ព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវរួចស្រេចហើយ។ រីឯក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយ បើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។
អាន កាឡាទី 3
ស្ដាប់នូវ កាឡាទី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 3:9-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ