លោកុប្បត្តិ 22
22
លោកអប្រាហាំសុខចិត្តបូជាកូនថ្វាយព្រះអម្ចាស់
1 #
ហប. ១១.១៧-១៩
ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។ 2#២របា. ៣.១ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
3លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។ 4លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ 5លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ 6លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឲ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុកទាំងកូនដើរទៅជាមួយគ្នា។ 7ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ 8លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។
9 #
យក. ២.២១
លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ 10បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ-កកូនធ្វើយញ្ញបូជា។ 11ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ 12ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ 13លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ 14លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»#២២.១៤ ហេប្រឺ «អដូណៃ-យីរ៉េ»។។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ»#២២.១៤ ឯកសារដើមខ្លះមានសរសេរថា៖ «នៅលើភ្នំព្រះអម្ចាស់នឹងផ្គង់ផ្គង់»។។
15ទេវតារបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្ដងទៀតថា៖ 16#ហប. ៦.១៣-១៤«ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា 17#ហប. ១១.១២យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។ 18#កក. ៣.២៥ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
19លោកអប្រាហាំវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
20ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបលោកអប្រាហាំថា៖ «នាងមីលកាក៏បានបង្កើតកូនប្រុសជាច្រើនជូនលោកណាឃរ ជាប្អូនរបស់លោកដែរ គឺមាន 21អ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែលដែលត្រូវជាឪពុករបស់អើរ៉ាម 22កេសេដ ហាសូ ពីលដាស យីដឡាប និងបេធូអែល។ 23លោកបេធូអែលត្រូវជាឪពុករបស់នាងរេបិកា។ អ្នកទាំងប្រាំបីនេះជាកូនដែលនាងមីលកាបានបង្កើតជូនលោកណាឃរ ប្អូនរបស់លោកអប្រាហាំ។» 24រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 22: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.