លោកុប្បត្តិ 23
23
ផ្នូររបស់លោកស្រីសារ៉ា
1លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំពីរឆ្នាំ។ 2ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ 3បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖ 4 «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។ 5ជនជាតិហេតតបមកលោកអប្រាហាំវិញថា៖ 6«លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់លោកឡើយ»។ 7លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ 8លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង 9គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។
10លោកអេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅលោកអប្រាហាំវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖ 11«លោកម្ចាស់ សូមស្ដាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចម្ការ ព្រមទាំងគុហានៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។
12លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ 13ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ 14ប៉ុន្តែ លោកអេប្រូនតបទៅលោកអប្រាហាំថា៖ 15«លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។ 16លោកអប្រាហាំក៏ព្រមព្រៀងជាមួយលោកអេប្រូន ហើយថ្លឹងប្រាក់ឲ្យគាត់ តាមចំនួនដែលគាត់បាននិយាយនៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។
17តាំងពីពេលនោះមក ដីចម្ការរបស់លោកអេប្រូននៅម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ គឺទាំងដីចម្ការ ទាំងគុហា និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះទាំងមូល 18បានត្រឡប់មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុងជាសាក្សី។
19បន្ទាប់មក លោកអប្រាហាំក៏បានបញ្ចុះសពលោកស្រីសារ៉ា ជាភរិយា ក្នុងគុហា នៅចម្ការម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ 20ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.