លោកុប្បត្តិ 25
25
លោកអប្រាហាំទទួលមរណភាព ពូជពង្សឯទៀតៗរបស់លោកអប្រាហាំ
1លោកអប្រាហាំយកភរិយាមួយទៀត ឈ្មោះកិទូរ៉ា។ 2គាត់បង្កើតបានកូនប្រុសជូនលោក ដែលមានឈ្មោះដូចតទៅនេះគឺ សឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ 3យ៉ុកសានបង្កើតសេបា និងដេដាន់។ កូនចៅរបស់ដេដាន់ គឺជនជាតិអាសស៊ើរ លេទូស និងលេវមី។ 4កូនចៅរបស់ម៉ាឌានមាន អេផា អេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយដែលជាកូនចៅរបស់នាងកិទូរ៉ា។
5លោកអប្រាហាំបានប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោកមាន ឲ្យលោកអ៊ីសាក។ 6រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
7លោកអប្រាហាំរស់បានទាំងអស់មួយរយចិតសិបប្រាំឆ្នាំ។ 8បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។
9លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ 10 គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។
11ក្រោយលោកអប្រាហាំទទួលមរណភាពផុតទៅ ព្រះជាម្ចាស់ក៏បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់លោក ដែលរស់នៅក្បែរអណ្ដូងទឹកឡាហាយ-រយ។
12នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ ជាកូនដែលនាងហាការ អ្នកបម្រើរបស់លោកស្រីសារ៉ា បង្កើតជូនលោកអប្រាហាំ។ 13កូនចៅរបស់លោកអ៊ីស្មាអែលមាន ឈ្មោះតាមជំនួរវង្សត្រកូលដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ ថេម៉ា យេធើរ ណាភីស និងកេដម៉ា។ 16គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។ 17លោកអ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងបុព្វបុរស ដែលបានចែកស្ថានផុតទៅហើយនោះវិញ។ 18ជនជាតិអ៊ីស្មាអែលរស់នៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាស៊ើរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
ប្រវត្តិរបស់លោកយ៉ាកុប
អេសាវ និងយ៉ាកុប
19នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។ 20ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកាដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។ 21លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបិកាក៏មានផ្ទៃពោះ។ 22ដោយទារកកម្រើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្ដេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទៅសួរព្រះអម្ចាស់។ 23 ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖
«នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ
សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង
សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត
កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
24ពេលគាត់គ្រប់ខែហើយ កូនភ្លោះក៏កើតចេញពីគាត់មែន។ 25កូនទីមួយកើតចេញមកមានពណ៌ក្រហម ស្បែកដូចរោមសត្វ។ គេដាក់ឈ្មោះថា “អេសាវ”។ 26បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកុប”។ នៅពេលកូនទាំងពីរកើតមកនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
27កូនប្រុសទាំងពីរមានវ័យចម្រើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកុបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។ 28លោកអ៊ីសាកស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯលោកស្រីរេបិកាវិញ គាត់ស្រឡាញ់យ៉ាកុប។
29ថ្ងៃមួយ លោកយ៉ាកុបកំពុងស្លសម្ល ហើយលោកអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។ 30លោកអេសាវពោលទៅកាន់លោកយ៉ាកុបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថា មនុស្សពណ៌ក្រហម)។ 31លោកយ៉ាកុបតបវិញថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំនៅថ្ងៃនេះសិនមក»។ 32លោកអេសាវតបថា៖ «បងដាច់ពោះស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?»។
33 លោកយ៉ាកុបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ លោកអេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យលោកយ៉ាកុប។ 34លោកយ៉ាកុបយកនំប៉័ង ព្រមទាំងសម្លសណ្ដែកក្រហម មកជូនគាត់ពិសា។ លោកអេសាវពិសាបាយទឹក រួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 25: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.