ហេប្រឺ 5
5
1គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ 2លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ 3 ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជារាស្ត្ររួចពីបាប។ 4 គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអើរ៉ុន ទើបបំពេញបាន។
5 រីឯព្រះគ្រិស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖
«ព្រះអង្គជាបុត្ររបស់យើង
គឺយើងហ្នឹងហើយដែលបាន
ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ។
6 ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖
«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ
តាមរបៀបព្រះបាទម៉ិលគីស្សាដែក» ។
7 កាលព្រះគ្រិស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ 8ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ 9បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ 10ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទម៉ិលគីស្សាដែកដែរ។
ពាក្យដាស់តឿនឲ្យតស៊ូស្មោះត្រង់នឹងជំនឿ
11ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ 12 តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ 13អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិត ឡើយ ព្រោះគេនៅជាកូនខ្ចី។ 14មានតែមនុស្សពេញវ័យ ប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.