ហូសេ 11
11
ការរមិលគុណរបស់ជនជាតិអ៊ីស្រាអែល
1 «កាលអ៊ីស្រាអែលនៅពីក្មេង
យើងបានស្រឡាញ់អ៊ីស្រាអែល
យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។
2យើង បានហៅគេមកយ៉ាងណា
គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា
សែនព្រះបាលទាំងឡាយ
ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា
ចំពោះរូបបដិមា។
3យើងនេះហើយដែលបានកាន់ដៃ
និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ
តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
4យើងបានណែនាំគេដោយចិត្តអាណិតអាសូរ
និងដោយចិត្តស្រឡាញ់។
យើងបានថ្នាក់ថ្នមគេ
ដូចឪពុកលើកកូនមកបីថើប
ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។
5ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ
ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ
ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក
យើងវិញទេ។
6សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ
ព្រមទាំងរំលំកំពែងការពារក្រុង
ហើយកម្ទេចអ្វីៗទាំងអស់។
នេះហើយជាលទ្ធផលនៃនយោបាយ
របស់អ៊ីស្រាអែល។
7ប្រជាជនរបស់យើងនៅតែរឹងចចេស
បោះបង់ចោលយើងរហូត
យើងហៅពួកគេឲ្យងើបមើលមកយើង
តែគ្មាននរណារវីរវល់តម្កើងយើងទេ ។
8 អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ
អ្នកយ៉ាងដូចម្ដេច?
អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ?
តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច
ក្រុងអាដម៉ាឬ?
តើយើងគួរធ្វើឲ្យអ្នកបានដូច
ក្រុងសេបោឬ?
ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ
យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
9យើងមិនអាចប្រព្រឹត្ត
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម
ព្រោះយើងជាព្រះជាម្ចាស់
មិនមែនជាមនុស្សទេ!
យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក
យើងមិនមែនមក ដោយកំហឹងឡើយ។
10ពួកគេនឹងដើរតាមព្រះអម្ចាស់
ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ
ពេលឮព្រះអង្គបន្លឺព្រះសូរសៀង
កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ
ពីស្រុកខាងលិចទាំងញ័ររន្ធត់។
11ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប
ដូចហ្វូងចាបទាំងញ័ររន្ធត់
ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប
យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន
របស់ខ្លួនវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ហូសេ 11: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.