ហូសេ 4:7-19

ហូសេ 4:7-19 គខប

ពួក​បូជា‌ចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្ត អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​ដូរ​កិត្តិយស​របស់​ពួក​គេ ឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។ អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ តង្វាយ​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើង ហើយ​សប្បាយ​ចិត្ត ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។ បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។ ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​មិន​បាន​ចម្រុង‌ចម្រើន​ទេ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើង ដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត អំពើ​ពេស្យា‌ចារ ចិត្ត​ប្រាថ្នា​ចង់ បាន​ស្រា​ចាស់ និង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។ ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។ ពួក​គេ​តែងតែ​ធ្វើ​យញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់ នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ និង​ក្រោម​ដើម​ម៉ៃ‌សាក់ ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ! ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់ អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួន ទៅ​ជា​មួយ​ស្រី​ពេស្យា និង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។ ប្រជា‌ជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះ រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។ អ៊ីស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ដូច្នេះ មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន ឬ​ក៏​ស្បថ​ក្នុង​នាម ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។ អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ? បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ! ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។ ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។