ហូសេ 7:1-16

ហូសេ 7:1-16 គខប

គឺ​នៅ​ពេល​យើង​ចង់​ប្រោស អ៊ីស្រា‌អែល​ឲ្យ​បាន​ជា នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។ ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។ ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។ ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​សប្បាយ​ចិត្ត ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត ដោយ​ពួក​គេ​បោក​ប្រាស់។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស ចាប់​ពី​ពេល​គាត់​រៀបចំ​ម្សៅ រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។ នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេច ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។ ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់ ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់ ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ ដូច​អគ្គី‌ភ័យ។ ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិត ជា​បន្ត​បន្ទាប់​គ្នា តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។ អេប្រាអ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ គេ​នៅ​តែ​មិន​ដឹង​ខ្លួន គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។ អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង តែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេ គឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្ដី ក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ដែរ។ អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។ ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា ពួក​គេ​ជួប‌ជុំ​គ្នា។ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក ដាក់​យើង​ដូច្នេះ? ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។ យើង​បាន​បណ្ដុះ​បណ្ដាល និង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេ ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះគិត​គម្រោង​អាក្រក់ ប្រឆាំង​នឹង​យើង។ ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។