ហូសេ 7:1-16

ហូសេ 7:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​យើង​ចង់​ប្រោស​អ៊ីស្រា‌អែល​ឲ្យ​ជា នោះ​អំពើ​ទុច្ចរិត​របស់​អេប្រាអិម និង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ភូតភរ ចោរ​ចូល​លួច​នៅ​ខាង​ក្នុង ហើយ​ខាង​ក្រៅ​មាន​ចោរ​ប្លន់។ គេ​មិនគិត​ថា យើង​នឹក​ចាំ​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ​ទេ។ ឥឡូវ​នេះ អំពើ​របស់​គេ​បាន​ឡោម‌ព័ទ្ធ​គេ​ហើយ អំពើ​ទាំង​នោះ​នៅ​ចំពោះ​មុខ​យើង។ គេ​ធ្វើ​ឲ្យ​ស្តេច​សប្បាយ​ចិត្ត​ដោយ​អំពើ​អាក្រក់​របស់ខ្លួន ក៏​ធ្វើ​ឲ្យ​ពួក​មេ​សប្បាយ​ចិត្ត ដោយ​សេចក្ដី​ភូត‌ភរ​របស់​ខ្លួន​ដែរ។ គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ គេ​ប្រៀប​ដូច​ជា​ឡ​ដែល​អ្នក​ធ្វើ​នំបុ័ង​បាន​បន្ថែម​កម្ដៅ ចាប់​ពី​ពេល​ច្រ‌បាច់​ម្សៅ រហូត​ដល់​ម្សៅ​ដោរ​ឡើង។ នៅ​ថ្ងៃ​ពិធី​បុណ្យ​របស់​ស្តេច​នៃ​យើង ពួក​មេ​ទៅ​ជា​ឈឺ​ដោយ​កម្ដៅ​របស់​ស្រា គេ​រួម​គំនិត​ជា​មួយ​ពួក​ឡក‌ឡឺយ។ ចិត្ត​របស់​គេ​ប្រៀប​ដូច​ជា​ឡ​ដែល​ឆេះ​ដោយ​អំពើ​ទុច្ចរិត ចិត្ត​កំរោល​របស់​គេ​ឆេះ​ងំ​រហូត​នៅ​ពេល​យប់ ហើយ​ព្រលឹម​ឡើង​ក៏​ឆាប​ឆេះ​ធ្លោ​ឡើង។ គេ​ទាំង​អស់​គ្នា​ក្តៅ​ដូច​ជា​ឡ ហើយ​គេ​បំផ្លាញ​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន។ ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ​បាន​ដួល​អស់ ក្នុង​ចំណោម​ពួក​គេ គ្មាន​អ្នក​ណា​អំពាវ‌នាវ​រក​យើង​ឡើយ។ អេប្រាអិម​លាយ​ខ្លួន​ជា‌មួយ​សាសន៍​ដទៃ អេប្រាអិម​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ។ ពួក​មនុស្ស​ដទៃ​បាន​បង្ហិន​កម្លាំង​របស់​គេ តែ​គេ​មិន​ដឹង​ខ្លួន​ទេ សក់​គេ​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល​ទៅ​ហើយ តែ​គេ​មិន​ដឹង​ខ្លួន​ទៀត។ អំនួត​របស់​អ៊ីស្រា‌អែល​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ តែ​គេ​មិន​បាន​វិល​ត្រឡប់​មករក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេទេ ទោះ​បី​កើត​មាន​ដូច្នេះ​ក៏​ដោយ ក៏​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។ អេប្រាអិម​ប្រៀប​ដូច​ជា​សត្វ​ព្រាប ដែល​អាប់​ឥត​ប្រាជ្ញា ហើយ​គ្មាន​គំនិត គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ រួច​គេ​ទៅ​ពឹង​ស្រុក​អាស‌ស៊ើរ។ ពេល​គេ​ចេញ​ទៅ យើង​នឹង​បោះ​សំណាញ់របស់​យើងគ្រប​លើ​គេ យើង​នឹង​ទម្លាក់​គេ​ចុះ ដូច​សត្វ​ហើរ​លើ​អាកាស យើង​នឹង​វាយ‌ផ្ចាល​គេ នៅ​ពេល​យើង​ឮ​ថា គេ​ជួប​ប្រជុំ​គ្នា។ វេទនា​ដល់​គេ​ហើយ ដ្បិត​គេ​បាន​ងាក​ចេញ​ពី​យើង! អន្ត‌រាយ​ដល់​គេ​ហើយ ដ្បិត​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​យើង! ទោះ​បើ​យើង​ចង់​លោះ​គេ​ក៏​ដោយ ក៏​គេ​ចេះ​តែ​និយាយ​កុហក​ទាស់​នឹង​យើង​ដែរ។ គេ​មិន​បាន​ស្រែក​រក​យើង​ដោយ​ស្មោះ​ពី​ចិត្ត​ទេ តែ​គេ​បែរ​ជា​ស្រែក​ទ្រហោ នៅ​លើ​ដំណេក​របស់​គេ​ទៅ​វិញ គេ​ឆូត​សាច់​របស់​ខ្លួន​ឲ្យ​បាន​ស្រូវ និងស្រា​ទឹក​ទំពាំង‌បាយ‌ជូរថ្មី គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ទោះ​បើ​យើង​បាន​បង្ហាត់ ហើយ​ចម្រើន​កម្លាំង​ដៃ​គេ​ក៏​ដោយ ក៏​គេ​នៅ​តែ​បង្កើត​គម្រោង​អាក្រក់​ប្រឆាំង​នឹង​យើង​ដែរ។ គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​មិន​ត្រង់ ពួក​មេ​របស់​គេនឹង​ដួល​ស្លាប់​ដោយ​ដាវ ព្រោះ​តែ​សម្ដី​ព្រហើន​នៃ​អណ្ដាត​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​ក្លាយ​ជា​ទី​មើល​ងាយ ដល់​គេ​នៅ​ស្រុក​អេស៊ីព្ទ។

ចែក​រំលែក
អាន ហូសេ 7

ហូសេ 7:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​នៅ​ពេល​យើង​ចង់​ប្រោស អ៊ីស្រា‌អែល​ឲ្យ​បាន​ជា នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។ ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។ ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។ ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​សប្បាយ​ចិត្ត ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត ដោយ​ពួក​គេ​បោក​ប្រាស់។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស ចាប់​ពី​ពេល​គាត់​រៀបចំ​ម្សៅ រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។ នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេច ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។ ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់ ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់ ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ ដូច​អគ្គី‌ភ័យ។ ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិត ជា​បន្ត​បន្ទាប់​គ្នា តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។ អេប្រាអ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ គេ​នៅ​តែ​មិន​ដឹង​ខ្លួន គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។ អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង តែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេ គឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្ដី ក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ដែរ។ អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។ ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា ពួក​គេ​ជួប‌ជុំ​គ្នា។ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក ដាក់​យើង​ដូច្នេះ? ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។ យើង​បាន​បណ្ដុះ​បណ្ដាល និង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេ ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះគិត​គម្រោង​អាក្រក់ ប្រឆាំង​នឹង​យើង។ ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។

ចែក​រំលែក
អាន ហូសេ 7

ហូសេ 7:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អញ​ចង់​ប្រោស​ពួក​អ៊ីស្រាអែល​ឲ្យ​ជា នោះ​សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម នឹង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​កំភូត មាន​ចោរ​លួច​ចូល​មក​នៅ​ខាង​ក្នុង ហើយ​មាន​ចោរ​ប្លន់​រឹប​ជាន់​ខាង​ក្រៅ គេ​ក៏​មិន​ពិចារណា​ក្នុង​ចិត្ត​ថា អញ​នឹក​ចាំ​អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​នោះ​ទេ ឥឡូវ​នេះ អំពើ​របស់​គេ​បាន​ឡោម‌ព័ទ្ធ​គេ​ហើយ ក៏​នៅ​ចំពោះ​មុខ​អញ​ផង គេ​នាំ​ឲ្យ​ស្តេច​បាន​រីក‌រាយ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន ហើយ​ពួក​ចៅហ្វាយ​ផង ដោយ​សេចក្ដី​ភូត‌ភរ​របស់​ខ្លួន​ដែរ គេ​សុទ្ធ​តែ​ជា​ពួក​កំផិត​ទទេ គេ​ប្រៀប​ដូច​ជា​ឡ​ដែល​អ្នក​ធ្វើ​នំបុ័ង​បាន​ដុត​ឲ្យ​ក្តៅ​ហើយ គាត់​លែង​វាច​ភ្លើង​ចាប់​តាំង​ពី​វេលា​ដែល​ច្របាច់​ម្សៅ ដរាប​ដល់​បាន​ដោរ​ឡើង នៅ​ថ្ងៃ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ស្តេច​នៃ​យើង​រាល់​គ្នា នោះ​ពួក​ចៅហ្វាយ​បាន​ធ្វើ​ខ្លួន​ឈឺ ដោយ​កំដៅ​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ស្តេច​ក៏​ចូល​ដៃ​ទៅ​ជា​មួយ​នឹង​ពួក​ឡក‌ឡឺយ ដ្បិត​គេ​បាន​រៀបចំ​ចិត្ត​ដូច​ជា​ឡ​ហើយ កំពុង​ដែល​គេ​ចាំ​យាម នោះ​អ្នក​ដុត​នំបុ័ង​របស់​គេ​ក៏​ដេក​លក់​ទាល់​ភ្លឺ លុះ​ព្រឹក​ហើយ នោះ​ក៏​ឆេះ​ធ្លោ​ឡើង គេ​សុទ្ធ​តែ​ក្តៅ​ដូច​ជា​ឡ គេ​ឆេះ​បន្សុស​ពួក​ចៅ‌ក្រម​គេ​ទៅ ឯ​ពួក​ស្តេច​របស់​គេ​ក៏​បាន​ដួល​អស់​ហើយ ក្នុង​ពួក​គេ​ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​អញ​ឡើយ។ ចំណែក​អេប្រា‌អិម គាត់​លាយ​ខ្លួន​នឹង​សាសន៍​ដទៃ​អេប្រា‌អិម​ជា​នំ ដែល​មិន​បាន​ប្រែ ពួក​ដទៃ​បាន​បង្ហិន​កំឡាំង​គាត់​ទៅ តែ​គាត់​មិន​ដឹង​ខ្លួន​ទេ អើ មាន​សក់​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល តែ​គាត់​ឥត​ដឹង​សោះ ហើយ​សេចក្ដី​អំនួត​របស់​អ៊ីស្រាអែល ក៏​តែង‌តែ​ធ្វើ​បន្ទាល់ ទាស់​នឹង​គាត់ ទោះ​បើ​កើត​មាន​ដូច្នោះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទេ ក៏​មិន​បាន​ស្វែង​រក​ទ្រង់​ផង អេប្រា‌អិម​ក៏​ដូច​ជា​ព្រាប‌អាប់​ឥត​ប្រាជ្ញា ហើយ​ឥត​យោបល់ គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ តែ​គេ​ទៅ​ឯ​ស្រុក​អាសស៊ើរ​វិញ កាល​ណា​គេ​ទៅ នោះ​អញ​នឹង​លាត‌មង​អញ​គ្រប​លើ​គេ អញ​នឹង​ទំលាក់​គេ​ចុះ​មក ដូច​ជា​សត្វ​ហើរ​លើ​អាកាស ក៏​នឹង​វាយ‌ផ្ចាល​គេ ដូច​ជា​ពួក​ជំនុំ​គេ​បាន​ឮ​ហើយ វេទនា​ដល់​គេ ដ្បិត​គេ​បាន​សាត់​ព្រាត់​ឆ្ងាយ​ពី​អញ សូម​ឲ្យ​គេ​ត្រូវ​បំផ្លាញ​ចុះ ដ្បិត​គេ​បាន​រំលង​ទាស់​នឹង​អញ​ហើយ ទោះ​បើ​អញ​ចង់​លោះ​គេ​ក៏​ដោយ គង់​តែ​គេ​បាន​ពោល​ពាក្យ​ភូត‌ភរ​ទាស់​នឹង​អញ​ដែរ គេ​មិន​បាន​អំពាវ‌នាវ​ដល់​អញ ដោយ​ស្មោះ​ពី​ចិត្ត​ទេ គឺ​បាន​ស្រែក​ទ្រហោ​នៅ​លើ​ដំណេក​គេ​វិញ គេ​ប្រជុំ​គ្នា​ឲ្យ​បាន​ស្រូវ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ តែ​គេ​បះ‌បោរ​នឹង​អញ​វិញ ទោះ​បើ​អញ​បាន​វាយ‌ផ្ចាល ឬ​ចំរើន​កំឡាំង​ដៃ​គេ​ក្តី គង់​តែ​គេ​បង្កើត​ការ​កំណាច​ទាស់​នឹង​អញ​ដែរ គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅហ្វាយ​របស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។

ចែក​រំលែក
អាន ហូសេ 7