អេសាយ 52
52
ព្រះជាម្ចាស់នឹងលើកក្រុងយេរូសាឡឹមឡើងវិញ
1 ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង
ចូរក្រោកឡើង សម្តែងឫទ្ធិ។
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ
ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់
ដ៏ល្អប្រណីត
ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ
នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
2យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក
ចូរក្រោកមកអង្គុយនៅកន្លែងដើម
របស់អ្នកវិញ!
ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ
ចូរស្រាយចំណងចេញពីកអ្នកទៅ!
3 ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 4ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ 5 ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ 6ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។
ដំណឹងល្អអំពីសេចក្ដីសុខសាន្ត
7 អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎
គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត!
គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ
គេពោលមកកាន់ក្រុងស៊ីយ៉ូនថា
“ព្រះរបស់អ្នកសោយរាជ្យហើយ!”។
8នេះជាសំឡេងរបស់អ្នកយាមក្រុង!
ពួកគេបន្លឺសំឡេងឡើង
និងស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក
ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។
9គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ
ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!
10 ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ
របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ
មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី
នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
11 អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ
របស់ព្រះអម្ចាស់
ចូរនាំគ្នាចាកចេញពីទីនេះទៅ
កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!
ចូរចាកចេញពីក្រុងបាប៊ីឡូននេះ
ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!
12អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ
ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា
ដើម្បីការពារអ្នក។
ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះអម្ចាស់
13 ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន
មានឋានៈខ្ពង់ខ្ពស់
និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
14កាលពីមុន ពេលមហាជនឃើញលោក
គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង
ព្រោះគេមើលមុខលោកលែងស្គាល់
លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
15 តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក
ហើយនាំគ្នាស្ងើចសរសើរ
ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់
ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍
ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់
ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ
ដែលគេមិនធ្លាប់ឮពីមុនមក។
ទើបបានជ្រើសរើសហើយ៖
អេសាយ 52: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.