អេសាយ 60
60
សិរីរុងរឿងរបស់ព្រះអម្ចាស់បំភ្លឺលើក្រុងយេរូសាឡឹម
1យេរូសាឡឹមអើយ!
ចូរក្រោកឡើង បញ្ចាំងពន្លឺ
ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ!
សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។
2មើល! ផែនដីទាំងមូលនៅងងឹតស្លុង
ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ
តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក
សិរីរុងរឿងរបស់ព្រះអង្គក៏លេចមក
ដូចថ្ងៃរះចាំងលើអ្នកដែរ។
3ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក
ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែល
ចាំងចេញពីអ្នកដែរ។
4ចូរងើបមុខឡើងមើលជុំវិញខ្លួន
កូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។
កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ
ហើយប្រជាជាតិនានាក៏បីកូនស្រីៗ
របស់អ្នកមកដែរ។
5ពេលណាអ្នកឃើញ អ្នកនឹងត្រេកអរ
សប្បាយរីករាយ ហើយរំភើបចិត្ត។
គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រ
មកឲ្យអ្នក
ហើយធនធានរបស់ប្រជាជាតិនានា
ក៏នឹងហូរមកដល់អ្នកដែរ។
6សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង
គឺអូដ្ឋរបស់ពួកម៉ាឌាន និងពួកអេផា។
អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក
ពួកគេយកមាស និងកំញានមកជាមួយផង
ហើយលើកតម្កើងការអស្ចារ្យ
ដែលព្រះអម្ចាស់បានធ្វើ។
7ហ្វូងសត្វនៅស្រុកកេដារ
នឹងមកជួបជុំគ្នានៅមុខអ្នក។
អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត
សម្រាប់ធ្វើជាយញ្ញបូជានៅលើ
អាសនៈរបស់យើង
ជាតង្វាយដែលគាប់ចិត្តយើង។
យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង
បានថ្កុំថ្កើងឡើង។
8តើអ្នកទាំងនោះជានរណា?
ពួកគេរសាត់មកដូចពពក
និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
9មនុស្សម្នានៅតាមកោះនានានឹងមករកយើង
នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ
របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ
ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ
ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់
ជាព្រះរបស់អ្នក
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
10ជនជាតិដទៃនឹងនាំគ្នាសង់
កំពែងរបស់អ្នកឡើងវិញ
ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក
ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក
តែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តា
ចំពោះអ្នកវិញ។
11 ទោះជាយប់ ឬថ្ងៃក្ដី ទ្វាររបស់អ្នក
នៅបើកចំហជានិច្ច ឥតបិទសោះឡើយ
ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិ
ទាំងឡាយហូរចូលមក
និងឲ្យស្ដេចរបស់ពួកគេ
មកជាហូរហែដែរ។
12ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
13គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកឲ្យអ្នក
គឺឈើដ៏មានតម្លៃទាំងអស់
ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម
លំអទីសក្ការៈរបស់យើង។
យើងនឹងធ្វើឲ្យកន្លែងដែលយើង
ស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
14 កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក
នឹងនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក
ពួកដែលបានជេរប្រមាថអ្នក
នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក
គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់”
“ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល”។
15ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក
ហើយគ្មាននរណាដើរកាត់
តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ
ជាក្រុងដ៏សប្បាយរហូតអស់កល្ប
ជាអង្វែងតរៀងទៅ។
16ប្រជាជាតិ និងស្ដេចទាំងឡាយ
នឹងធ្វើជាមេដោះរបស់អ្នក។
អ្នកនឹងទទួលស្គាល់ថា
ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់
ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប
ជាព្រះប្រកបដោយឫទ្ធិបារមី។
17យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន
ប្រាក់ជំនួសដែក
លង្ហិនជំនួសឈើ ដែកជំនួសថ្ម។
យើងឲ្យសន្តិភាព និងយុត្តិធម៌
គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
18ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី
អំពើហិង្សាទៀតហើយ
ក្នុងទឹកដីរបស់អ្នកក៏លែងមាន
ការវិនាសហិនហោចទៀតដែរ។
គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ”
ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។
19 នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេ
ហើយនៅពេលយប់
អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ
ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក
រហូតតរៀងទៅ
ព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។
20ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្ដង្គតទៀតឡើយ
ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ
ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក
រហូតតរៀងទៅ
រីឯពេលវេលាដែលអ្នកកាន់ទុក្ខ
ក៏ចប់សព្វគ្រប់ហើយ។
21ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត
ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។
ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ
យើងបង្កើតពួកគេមក
ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
22អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់
អ្នកដែលខ្សោយជាងគេ
នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។
យើងជាព្រះអម្ចាស់
យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង
យ៉ាងឆាប់ៗ តាមពេលកំណត់។
ទើបបានជ្រើសរើសហើយ៖
អេសាយ 60: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.