យេរេមា 10
10
ព្រះជាម្ចាស់ និងព្រះក្លែងក្លាយ
1ជនជាតិអ៊ីស្រាអែលអើយ
ចូរនាំគ្នាស្ដាប់សេចក្ដីដែល
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា!
2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយ
ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់
ផ្សេងៗនៅលើមេឃ
ដូចប្រជាជាតិទាំងឡាយដែរ។
3ជំនឿសាសនារបស់សាសន៍នានា
សុទ្ធតែឥតបានការ។
ពួកគេកាប់ដើមឈើពីក្នុងព្រៃ
ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
4រួចគេយកប្រាក់ និងមាសស្រោបពីលើ។
បន្ទាប់មក គេយកដែកគោល និងញញួរ
មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
5ព្រះទាំងនោះមិនចេះនិយាយទេ
គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់
ព្រះទាំងនោះមិនចេះដើរឡើយ
ទៅណាមកណា ត្រូវតែមានអ្នកលីសែង។
កុំខ្លាចព្រះទាំងនោះអី
ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ
ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
6ឱព្រះអម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង
ព្រះអង្គបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម
ហើយព្រះនាមព្រះអង្គក៏ឧត្ដុង្គឧត្ដមដែរ
ព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។
7 មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គ
ដ្បិតព្រះអង្គជាព្រះមហាក្សត្រ
របស់ប្រជាជាតិនានា។
ក្នុងចំណោមប្រជាជាតិនានា
និងនៅក្នុងនគរទាំងប៉ុន្មាន
គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។
8ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា
ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ
9ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស
និងយកមាសពីស្រុកអ៊ូផាស
ហើយឲ្យជាងទង និងជាងចម្លាក់
យកមាសប្រាក់នោះស្រោបពីលើរូបបដិមា
រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ
មកពាក់ឲ្យផង។
រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
10រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត
ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ
ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ
អស់កល្បជានិច្ច។
ពេលព្រះអង្គសម្តែងព្រះពិរោធ
នោះផែនដីត្រូវញាប់ញ័រ។
ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។
11ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
12រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី
ដោយឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក
ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ
ដោយព្រះតម្រិះរបស់ព្រះអង្គ។
13ពេលព្រះអង្គបន្លឺព្រះសូរសៀង
ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ
ពពករសាត់មកពីជើងមេឃ
ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក
ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
14ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ
មនុស្សទាំងអស់បែរជាងឿងឆ្ងល់
ហើយភ័ន្តភាំងស្មារតី
ជាងមាសបែរជាខ្មាសខ្លួនឯង
ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ
ទាំងនោះ ដែលគ្មានវិញ្ញាណ។
15ព្រះទាំងនោះឥតបានការអ្វីសោះ
ជាវត្ថុគួរឲ្យមើលងាយ
ដែលនឹងត្រូវវិនាសសូន្យ
នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
16រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ
ព្រះអង្គបានបង្កើតអ្វីៗទាំងអស់
ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល
ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ
ព្រះអង្គមាននាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
មហន្តរាយដ៏ទាន់ហន់
17យេរូសាឡឹមអើយ
សត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ!
ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!
18ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ
គ្រវែងចោលឲ្យឆ្ងាយពីទឹកដី
យើងនឹងដេញពួកគេយ៉ាងប្រកិត
មិនឲ្យពួកគេរត់រួចឡើយ»។
19ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ!
ដំបៅរបស់ខ្ញុំមើលមិនជាទេ!
ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែន
តែខ្ញុំអាចស៊ូទ្រាំបាន!
20ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់
រីឯខ្សែចងជំរំក៏ដាច់អស់ដែរ
កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ
គ្មាននរណាជួយដំឡើងជំរំ
និងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។
21នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ
ពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេ
ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ
ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង
របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
22ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង
លាន់ឮឡើងពីទិសខាងជើង
ដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដា
ឲ្យក្លាយទៅជាទីស្មសាន
ជាជម្រករបស់ឆ្កែព្រៃ។
23ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថា
មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ
កិរិយាមារយាទរបស់ខ្លួនបានទេ
ក្នុងដំណើរជីវិត
គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
24ឱព្រះអម្ចាស់អើយ
សូមកែតម្រង់ទូលបង្គំផង!
សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យ
គឺកុំប្រើព្រះពិរោធឡើយ
ក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។
25សូមបំបែរព្រះពិរោធរបស់ព្រះអង្គ
ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ
ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ
ព្រះនាមរបស់ព្រះអង្គ!
ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស
របស់លោកយ៉ាកុប
ពួកគេបំបាត់ពូជសាសន៍នេះ
ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា
ទីស្មសានទៀតផង។
ទើបបានជ្រើសរើសហើយ៖
យេរេមា 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.