យេរេមា 10

10
ព្រះ‌ជាម្ចាស់ និង​ព្រះ​ក្លែង‌ក្លាយ
1ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា!
2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់
ផ្សេងៗ​នៅ​លើ​មេឃ
ដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។
3ជំនឿ​សាសនា​របស់​សាសន៍​នានា
សុទ្ធ​តែ​ឥត​បាន​ការ។
ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ
ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប
4រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។
បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ
មក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។
5ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ
គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់
ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ
ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។
កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី
ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ
ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។
6ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង
ព្រះអង្គ​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម
ហើយ​ព្រះ‌នាម​ព្រះអង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ
ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។
7 មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ
របស់​ប្រជា‌ជាតិ​នានា។
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន
គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។
8ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា
ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ
9ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីស
និង​យក​មាស​ពី​ស្រុក​អ៊ូផាស
ហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់
យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា
រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ
មក​ពាក់​ឲ្យ​ផង។
រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។
10រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិត
ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ
ជា​ព្រះ‌មហា‌ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជានិច្ច។
ពេល​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ
នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។
ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង
ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ​ទេ។
11ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ​ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។
12រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​សូន​ផែនដី
ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ
ព្រះអង្គ​បាន​បង្កើត​ពិភព​លោក
ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។
13ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង
ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ
ពពក​រសាត់​មក​ពី​ជើង​មេឃ
ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក
ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។
14ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់
ហើយ​ភ័ន្ត‌ភាំង​ស្មារតី
ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង
ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ
ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។
15ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ
ជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយ
ដែល​នឹង​ត្រូវ​វិនាស​សូន្យ
នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។
16រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេ
ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់
ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល
ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ
ព្រះអង្គ​មាន​នាម​ថា
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
មហន្ត‌រាយ​ដ៏​ទាន់‌ហន់
17យេរូ‌សាឡឹម​អើយ
សត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ!
ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក!
18ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ
គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី
យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត
មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។
19ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ!
ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ!
ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែន
តែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន!
20ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់
រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរ
កូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយ
គ្មាន​នរណា​ជួយ​ដំឡើង​ជំរំ
និង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។
21នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើ
ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យ
ហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង
របស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។
22ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេង
លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង
ដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដា
ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​ជម្រក​របស់​ឆ្កែ​ព្រៃ។
23ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​យល់​ឃើញ​ថា
មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ
កិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេ
ក្នុង​ដំណើរ​ជីវិត
គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។
24ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កែ​តម្រង់​ទូលបង្គំ​ផង!
សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យ
គឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយ
ក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។
25សូម​បំបែរ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ
ទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះអង្គ
ទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើ
ព្រះ‌នាម​របស់​ព្រះអង្គ!
ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប
ពួក​គេ​បំបាត់​ពូជ​សាសន៍​នេះ
ព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជា
ទី​ស្មសាន​ទៀត​ផង។

ទើបបានជ្រើសរើសហើយ៖

យេរេមា 10: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល