ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។ នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិ អ៊ីស្រាអែលទុកសម្រាប់ព្រះអង្គ ជាផលផ្លែដំបូងរបស់ព្រះអង្គ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះដែរ? ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា? គឺព្រះដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។ ក្រុមបូជាចារ្យពុំដែលសួរថា “ព្រះអម្ចាស់នៅឯណា?” គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។ ហេតុនេះហើយបានជាយើងឡើងក្ដី នឹងអ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល ហើយសង្កេតមើលចុះ ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច អ្នករាល់គ្នាឬទេ? តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ ពុំមែនជាព្រះពិតប្រាកដទេ)។ រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ ព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿង ហើយបែរជានាំគ្នាគោរពព្រះដែល ឥតបានការទៅវិញ។ ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ មិនអាចទុកទឹកបាននោះទៅវិញ។ តើអ៊ីស្រាអែលជាទាសករដែលគេទិញមក ឬជាទាសករដែលកើតក្នុងផ្ទះ បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម ពួកគេដូច្នេះ? ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹម ពួកគេស្រែកគំរាម និងបំផ្លាញស្រុក ឲ្យវិនាសហិនហោច ពួកគេដុតក្រុងទាំងឡាយ ហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។ សូម្បីតែជនជាតិណូប និងជនជាតិតាហាពេនេស ក៏នាំគ្នាកោរសក់អ៊ីស្រាអែល នាំយកទៅជាឈ្លើយដែរ។ អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នក ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។ ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅ ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ? តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរី ទៅរកផឹកទឹកទន្លេអឺប្រាតឬ? ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
អាន យេរេមា 2
ស្ដាប់នូវ យេរេមា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 2:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ