យេរេមា 26

26
លោក​យេរេមា​ត្រូវ​គេ​កាត់​ទោស
1 នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ: 2ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន​ពី​គ្រប់​ទីក្រុង​ក្នុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ចូរ​ប្រកាស​ប្រាប់​គេ ឥត​ចន្លោះ​ពាក្យ​ណា​មួយ​ឡើយ។ 3ពួក​គេ​ប្រហែល​ជា​ស្ដាប់ ហើយ​ម្នាក់ៗ​កែ​ប្រែ​កិរិយា‌មារយាទ​របស់​ខ្លួន។ ដូច្នេះ យើង​នឹង​មិន​ដាក់​ទោស​គេ​តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត ដូច​យើង​បាន​សម្រេច​នោះ​ទេ។ 4អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ដែល​យើង​ដាក់​ឲ្យ​អ្នក​រាល់​គ្នា 5ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា ជា​រៀង​រហូត​មក​ទេ​នោះ 6 យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​នេះ​វិនាស ដូច​ទីសក្ការៈ​នៅ​ស៊ីឡូ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឃើញ​ថា ក្រុង​នេះ​ជា​ក្រុង​ត្រូវ​បណ្ដាសា»។
7ក្រុម​បូជា‌ចារ្យ* ក្រុម​ព្យាការី* និង​ប្រជា‌ជន​ទាំង​មូល ឮ​លោក​យេរេមា​ប្រកាស​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់8កាល​លោក​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​លោក​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​បូជា‌ចារ្យ ក្រុម​ព្យាការី និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​ចាប់​លោក ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់! 9ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ថា ព្រះ‌ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទីសក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​លោក​យេរេមា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់10កាល​មន្ត្រី​របស់​ជន‌ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។ 11ពេល​នោះ ក្រុម​បូជា‌ចារ្យ និង​ក្រុម​ព្យាការី ប្ដឹង​ទៅ​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​ថា៖ «ជន​នេះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​វា​បាន​និយាយ​ប្រឆាំង​នឹង​ទីក្រុង​នេះ ដូច​អស់​លោក​ឮ​ផ្ទាល់​ត្រចៀក​ស្រាប់​ហើយ»។ 12លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្រះ‌ដំណាក់ ព្រម​ទាំង​ទីក្រុង​នេះ ដូច​បងប្អូន​បាន​ឮ​សព្វ​គ្រប់​ស្រាប់។ 13ឥឡូវ​នេះ សូម​កែ​ប្រែ​កិរិយា‌មារយាទ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ឡើង។ សូម​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បងប្អូន នោះ​ព្រះអង្គ​មុខ​ជា​មិន​ដាក់​ទោស​បងប្អូន ដូច​ព្រះអង្គ​បាន​សម្រេច​ទេ។ 14រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន​ស្រាប់​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​អំពើ​ចិត្ត និង​តាម​គំនិត​ដែល​បងប្អូន​យល់​ថា​ត្រឹម​ត្រូវ​ចុះ! 15តែ​សូម​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា បើ​បងប្អូន​សម្លាប់​ខ្ញុំ បងប្អូន និង​អ្នក​ក្រុង​ទាំង​អស់​ត្រូវ​មាន​ទោស ព្រោះ​សម្លាប់​មនុស្ស​គ្មាន​កំហុស ដ្បិត​ព្រះ‌អម្ចាស់​ពិត​ជា​បាន​ចាត់​ខ្ញុំ ឲ្យ​នាំ​ពាក្យ​ទាំង​នេះ​មក​ជម្រាប​បងប្អូន​មែន»។
16ពេល​នោះ ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល ពោល​ទៅ​ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី​ថា៖ «អ្នក​នេះ​គ្មាន​ទោស​ដល់​ស្លាប់​ទេ ដ្បិត​គាត់​បាន​និយាយ​មក​យើង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ពិត​មែន»។
17មាន​ព្រឹទ្ធា‌ចារ្យ​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​អង្គ​ប្រជុំ​របស់​ប្រជា‌ជន​ថា៖ 18 «នៅ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត បាន​ថ្លែង​ព្រះ‌បន្ទូល​ប្រាប់​ប្រជា‌ជន​យូដា​ទាំង​អស់​ដូច​ត​ទៅ:
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា
គេ​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន​ដូច​ភ្ជួរ​ស្រែ
ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា
គំនរ​បាក់​បែក
ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។
19នៅ​សម័យ​នោះ តើ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​មូល បាន​សម្លាប់​ព្យាការី​មីកា​ឬ​ទេ? ទេ! ពួក​គេ​បែរ​ជា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ទូល‌អង្វរ​ព្រះអង្គ​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ដាក់​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​ព្រះអង្គ​ឡើយ។ ប្រសិន​បើ​យើង​ប្រហារ​ជីវិត​លោក​នេះ ទុក្ខ​ទោស​យ៉ាង​ធ្ងន់​នឹង​ធ្លាក់​មក​លើ​យើង។
20ក្រោយ​មក មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ូរី‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​អ្នក​ស្រុក​គារយ៉ាត-‌យ៉ារីម បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ប្រឆាំង​នឹង​ទីក្រុង ព្រម​ទាំង​ស្រុក​នេះ ដូច​លោក​យេរេមា​ដែរ។ 21ព្រះ‌បាទ​យេហូ‌យ៉ាគីម ព្រម​ទាំង​រាជ​បរិពារ និង​មន្ត្រី​ទាំង​អស់​បាន​ឮ​ពាក្យ​នោះ ក៏​រក​សម្លាប់​គាត់​ចោល។ ពេល​លោក​អ៊ូរី‌យ៉ា​ដឹង​ដំណឹង​នេះ គាត់​ភ័យ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប។ 22ព្រះ‌បាទ​យេហូ‌យ៉ាគីម​ចាត់​លោក​អែល‌ណា‌ថាន ជា​កូន​របស់​លោក​អក‌បោរ និង​បក្ស​ពួក​គាត់​ឲ្យ​ទៅ​ស្រុក​អេស៊ីប 23ចាប់​លោក​អ៊ូរី‌យ៉ា​នាំ​មក​ប្រគល់​ឲ្យ​ស្ដេច​វិញ។ ស្ដេច​ក៏​ប្រហារ​ជីវិត​គាត់​ដោយ​មុខ​ដាវ រួច​បោះ​សាក‌សព​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​សាធារណៈ»។
24លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​លោក​យេរេមា​ជានិច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​លោក​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 26: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល