បន្ទាប់មក សិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។ នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ ឃើញទេវតា*ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“ព្រះគ្រូ!”។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់ឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
អាន យ៉ូហាន 20
ស្ដាប់នូវ យ៉ូហាន 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 20:10-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ