យ៉ូហាន 8:42-47

យ៉ូហាន 8:42-47 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ត​ឯង​ឡើយ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សា‌តាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​កើត​មក​ពី​ព្រះ‌ជាម្ចាស់ អ្នក​នោះ​តែង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។