យ៉ូហាន 8:42-47
យ៉ូហាន 8:42-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
យ៉ូហាន 8:42-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «បើព្រះជាព្រះវរបិតារបស់អ្នករាល់គ្នាមែន នោះអ្នកនឹងស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមកទីនេះ។ ខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។ ប៉ុន្តែ ព្រោះតែខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿខ្ញុំ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។
យ៉ូហាន 8:42-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្ដីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។