យ៉ូប 3

3
ពាក្យ​សន្ទនា​រវាង​លោក​យ៉ូប​និង​មិត្ត‌ភក្ដិ​របស់​លោក
សំណោក​របស់​លោក​យ៉ូបៈ រស់​នៅ​បាន​ប្រយោជន៍​អ្វី?
1 បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក ។ 2លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖
3«សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ
ក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល!
រីឯ​យប់​ដែល​គេ​ពោល​ថា
មាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះ
ជា​យប់​អព‌មង្គល​ដែរ!
4សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹត
ហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់
ដែល​គង់​នៅ​ស្ថាន​លើ រវី‌រវល់​នឹង​ថ្ងៃ​នោះ
ហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​បំភ្លឺ​ថ្ងៃ​នោះ​ឡើយ!
5សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការ
គ្រប​បាំង​ថ្ងៃ​នោះ
ហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំង
ព្រះ‌អាទិត្យ!
6រីឯ​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹត
គ្រប​បាំង​វា​ដែរ!
សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុង
ខែ និង​ឆ្នាំ​ឡើយ!
7សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារ
ហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយ
នៅ​យប់​នោះ​ដែរ!
8សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា
របស់​គ្រូ​នក្ខត្ត‌ឫក្ស
និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!
9សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ!
យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ
ហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ
10ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត
ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ
ចេញ​ពី​មុខ​ខ្ញុំ​ដែរ!
11ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ?
ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេល
ចេញ​ពី​ផ្ទៃ​ម្ដាយ?
12ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំ
ហើយ​មាន​ដោះ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?
13ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ
ម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ
14រួម​ជា​មួយ​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដី
ជា​អ្នក​ដែល​បាន​កសាង​ប្រាសាទ​សិលា
ទុក​សម្រាប់​ខ្លួន។
15ខ្ញុំ​មុខ​ជា​បាន​សម្រាក​ជា​មួយ​ពួក​មេ​ដឹក​នាំ
ដែល​មាន​មាស​ប្រាក់​ពេញ​ផ្ទះ។
16ប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត
ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ
នោះ​ប្រសើរ​ជាង។
17នៅ​ក្នុង​ផ្នូរ មនុស្ស​អាក្រក់​លែង​មាន
សកម្ម‌ភាព​ទៀត​ហើយ
រីឯ​អ្នក​ដែល​នឿយ‌ហត់ អស់​កម្លាំង​នឹង​នាំ​គ្នា​សម្រាក។
18អ្នក​ជាប់​ឃុំ‌ឃាំង​បាន​សុខ​ក្សេម‌ក្សាន្ត
គឺ​គេ​លែង​ឮ​សំឡេង​របស់​ឆ្មាំ​គុក​ទៀត​ហើយ។
19អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នា
ទាសករ​ក៏​លែង​នៅ​ក្រោម​អំណាច
ម្ចាស់​របស់​ខ្លួន​ទៀត​ដែរ។
20ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ
មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ
ហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែ
ទុក្ខ​លំបាក?
21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់
តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។
គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់
ជាង​ទ្រព្យ‌សម្បត្តិ​ទៅ​ទៀត។
22ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន
នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។
23ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួច
ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។
24ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ
សម្រែក​ឈឺ​ចាប់​របស់​ខ្ញុំ
ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។
25ខ្ញុំ​ភ័យ​ខ្លាច​ការ​អ្វី ការ​នោះ​កើត​មាន​ដល់​ខ្ញុំ
ហើយ​ខ្ញុំ​ជួប​ប្រទះ​នឹង​ហេតុ‌ការណ៍​ណា
ដែល​ខ្ញុំ​មិន​ចង់​ជួប។
26ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួល
ហើយ​ក៏​មិន​បាន​សម្រាក​ដែរ
គឺ​ខ្ញុំ​ឈឺ​ចាប់ ឥត​មាន​ពេល​ល្ហែ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល