យ៉ូប 4
4
ប្រសាសន៍របស់លោកអេលីផាស: អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន!
1លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
2«ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់
តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ?
ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
3លោកបានទូន្មានមនុស្សជាច្រើន
ហើយលោកក៏បានជួយមនុស្សជាច្រើន
ឲ្យមានកម្លាំងឡើងវិញដែរ។
4ពាក្យដែលលោកមានប្រសាសន៍
បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ
លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់
អាចឈរមាំមួនឡើងវិញដែរ។
5ឥឡូវនេះ ដល់វេនលោក
លោកបែរជាបាក់ទឹកចិត្ត
ពេលហេតុការណ៍នេះកើតមានដល់លោក
លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
6លោកគោរពកោតខ្លាចព្រះជាម្ចាស់
ហើយរស់នៅដោយទៀងត្រង់
ដូច្នេះ ចូរមានសង្ឃឹម
និងផ្ញើជីវិតលើព្រះអង្គចុះ។
7សូមលោកគិតមើលចុះថា
តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ
ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
8ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់
សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត
រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
9គឺពួកគេវិនាសដោយសារព្រះពិរោធរបស់
ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ
ដូចព្យុះសង្ឃរា។
10ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា
តែព្រះអម្ចាស់នឹងបំបិទមាត់
ហើយបំបាក់ចង្កូមរបស់ពួកគេ។
11សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារ
កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
12ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ
ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ
យ៉ាងស្រាលៗ។
13 ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់
គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
14ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
15គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង
ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
16មានម្នាក់ឈរនៅក្បែរខ្ញុំ
តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ
មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ
ហើយក្នុងភាពស្ងប់ស្ងាត់នោះ
ខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
17“តើមនុស្សដែលតែងតែស្លាប់
សុចរិតជាងព្រះជាម្ចាស់
តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
18សូម្បីតែពួកទេវតា ជាអ្នកបម្រើរបស់ព្រះអង្គ
ក៏ព្រះអង្គទុកចិត្តពុំបានទៅហើយ
ព្រោះព្រះអង្គទតឃើញគេមានកំហុស
19នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ
កើតមកពីធូលីដី
ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ
តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
20ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយ
ហើយវិនាសសូន្យទៅ
ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
21ពេលខ្សែជីវិតរបស់គេត្រូវដាច់
គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់”។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.