យ៉ូប 33
33
ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈទុក្ខលំបាក
1លោកយ៉ូបអើយ
សូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែង
នៅពេលនេះចុះ
សូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ!
2ខ្ញុំរៀបចំពាក្យសម្ដី
ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។
3ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត
ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។
4ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើង
ខ្យល់ដង្ហើមរបស់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើឲ្យខ្ញុំរស់រានមានជីវិត។
5សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន
សូមរកហេតុផលតទល់នឹងខ្ញុំចុះ!
6នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
ខ្ញុំមិនខុសពីលោកទេ
ព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
7ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ
ហើយក៏កុំនឹកស្មានថា
ខ្ញុំចង់យកអំណាច
មកគាបសង្កត់លោកឲ្យសោះ។
8ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់
ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ
9គឺលោកពោលថា:
“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប
ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
10តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំ
ព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
11 ព្រះអង្គដាក់ខ្នោះជើងខ្ញុំ
ព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។
12លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ
ចាំខ្ញុំពន្យល់លោក
ដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
13ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា
ព្រះអង្គមិនឆ្លើយតបនឹងពាក្យ
របស់លោកដូច្នេះ?
14ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗ
តែគ្មាននរណាចាប់អារម្មណ៍ទេ។
15 ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិ
តាមរយៈសុបិននិមិត្តនារាត្រីកាល
ក្នុងពេលដែលមនុស្សកំពុងតែដេក
លង់លក់មិនដឹងខ្លួន។
16ព្រះអង្គក៏សម្តែងឲ្យគេស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ
ឲ្យគេយល់យ៉ាងច្បាស់ផង។
17ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក
ចេញពីអំពើអាក្រក់
ហើយការពារមនុស្សកុំឲ្យមានអំនួត
18ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ
និងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។
19ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈ
ការឈឺចាប់ដែរ គឺនៅពេលដែលគេដេក
ឈឺចុកចាប់សព្វសព៌ាង្គកាយ។
20ពេលនោះ គេបរិភោគអាហារលែងកើត
ហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។
21រូបកាយរបស់គេកាន់តែស្គមទៅៗ
នៅសល់តែស្បែក និងឆ្អឹង។
22គេកាន់តែខិតជិតរណ្ដៅ
ជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។
23ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូប
ក្នុងចំណោមទេវតាមួយពាន់
មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ
ស្គាល់ផ្លូវត្រឹមត្រូវ
24ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេ
ដ្បិតទេវតាអង្វរថា:
“សូមដោះលែងអ្នកនេះទៅ
កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ
ទូលបង្គំរកបានហេតុផល
ដើម្បីរំដោះគេហើយ!”។
25ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា
ស្រស់ស្អាតដូចគ្រានៅពីក្មេង
ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
26ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេ
គេចូលទៅគាល់ព្រះអង្គដោយអំណរ
ព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
27ពេលនោះ គេនឹងច្រៀង
នៅចំពោះមុខមនុស្សម្នាថា:
“ខ្ញុំបានប្រព្រឹត្តអំពើបាប
ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ
តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ
ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
28ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ
ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
29ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ
ឬបីលើក ចំពោះមនុស្ស
30ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅ
ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។
31លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ!
សូមលោកនៅស្ងៀមទៅ
ទុកឲ្យខ្ញុំនិយាយម្ដង!
32ប្រសិនបើលោកចង់ឆ្លើយ
សូមឆ្លើយមកចុះ!
សូមមានប្រសាសន៍មក
ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
33បើគ្មានទេ សូមស្ដាប់ខ្ញុំ!
សូមនៅស្ងៀមទៅ
ខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 33: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.