យ៉ូអែល 1:13-20

យ៉ូអែល 1:13-20 គខប

ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។ ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ! ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។ ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ ពី​មុខ​ពួក​យើង ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយ ទៀត​ដែរ។ គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ ជង្រុក​ស្រូវ​នៅ​ទទេ ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។ ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ ហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែង ព្រោះ​គ្មាន​ស្មៅ​ស៊ី សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅ អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​តាម​ចម្ការ។ សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះអង្គ​ដែរ ដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់ ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។