យ៉ូអែល 3:3-21

យ៉ូអែល 3:3-21 គខប

ពួក​គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង ទៅ​ចាប់​ឆ្នោត​ចែក​គ្នា ពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យា ពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុស អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន នៃ​ស្រុក​ភីលីស្ទីន តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង? តើ​អ្នក​រាល់​គ្នា​ចង់​សង‌សឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើង នោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយ ហើយ​យ៉ាង​ឆាប់​រហ័ស តាម​អំពើ​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។ អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង គឺ​អ្វីៗ​ដ៏​មាន​តម្លៃ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​លក់​ប្រជា‌ជន​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន‌ជាតិ​ក្រិក ដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។ ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះ ឲ្យ​វិល​ត្រឡប់​មក​វិញ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ទៅ​ឲ្យ​ប្រជា‌ជន​ស្រុក​យូដា ហើយ​ប្រជា‌ជន​យូដា​នឹង​លក់​ពួក​គេ ទៅ​ឲ្យ​អ្នក​ស្រុក​សេបា ជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ: ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក! ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ! ចូរ​ឲ្យ​អ្នក​ចម្បាំង​ចេញ​ទៅ​សមរ‌ភូមិ! ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង! ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា “ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​កង‌ពល​របស់​ព្រះអង្គ​ចុះ​មក!។ «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។ ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត! ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយ ចូរ​នាំ​គ្នា​មក​ជាន់! ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ! ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។ មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់ នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ! ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យ រីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។ ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​ជម្រក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ «ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធ ហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពាន ក្រុង​នេះ​ទៀត។ នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​ទំពាំង‌បាយជូរ ពាស‌ពេញ​ភ្នំ ផ្ដល់​ទឹក​ទំពាំង‌បាយជូរ​ដ៏​ហូរ‌ហៀរ។ នៅ​តាម​ភ្នំ​តូចៗ​ក៏​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន ដែល​ផ្ដល់​ទឹក​ដោះ​ដ៏​ហូរ‌ហៀរ​ដែរ។ ទឹក​នឹង​ហូរ​សា​ជា​ថ្មី នៅ​តាម​ជ្រោះ​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា។ មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ស្រោច​ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។ ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។ រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅ ហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។ យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះ ថា​គ្មាន​ទោស​ទៀត​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។