នៅពេលនោះ លោកយ៉ូស្វេបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជាជនដូចតទៅ៖ «ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធ*រូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដូចតទៅ៖ «ចូរចងចាំនូវពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បង្គាប់អ្នករាល់គ្នាថា “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺព្រះអង្គប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។ ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលលោកម៉ូសេបានប្រគល់ឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបងប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ រហូតដល់ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។ ពួកគេឆ្លើយទៅលោកយ៉ូស្វេថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។ យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គបានគង់នៅជាមួយលោកម៉ូសេដែរ។ ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។
អាន យ៉ូស្វេ 1
ស្ដាប់នូវ យ៉ូស្វេ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 1:10-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ