ជនជាតិអ៊ីស្រាអែលបានទទួលទឹកដីស្រុកកាណាន ដែលលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានា បែងចែកឲ្យជាមត៌កដូចតទៅនេះ គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ ដ្បិតកាលពីមុន លោកម៉ូសេចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែលោកពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។ គេចាត់ទុកកូនចៅលោកយ៉ូសែបជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។ ជនជាតិអ៊ីស្រាអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស្វេ នៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបស្រាប់ហើយនូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារនា ស្ដីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។ កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចាត់ខ្ញុំពីកាដេស-បារនាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្ដីរាយការណ៍ជូនទៅលោកវិញ ដោយស្មោះត្រង់។ បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ នៅថ្ងៃនោះ លោកម៉ូសេបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ករហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលនេះមកលោកម៉ូសេកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន។ ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។ សព្វថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃ ដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះដែរ។ ខ្ញុំនៅតែមានកម្លាំងដូចមុន ល្មមនឹងចេញទៅប្រយុទ្ធ ឬធ្វើការអ្វីផ្សេងទៀត។ សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ ព្រះអម្ចាស់បានសន្យាថានឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើព្រះអម្ចាស់គង់ជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្ដាប់ដៃរបស់ពួកគេមិនខាន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់»។ លោកយ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនលោក ទុកជាមត៌ក។ ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះលោកបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយស្មោះអស់ពីចិត្ត។ កាលពីដើម ក្រុងហេប្រូនមានឈ្មោះថា គារយ៉ាត-អើបា។ លោកអើបាជាបុរសម្នាក់ដែលមានមាឌធំជាងគេ ក្នុងចំណោមជនជាតិអាណាក់។ ចាប់ពីពេលនោះមក ស្រុកទេសក៏បានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។
អាន យ៉ូស្វេ 14
ស្ដាប់នូវ យ៉ូស្វេ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 14:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ