ពេលប្រជាជាតិទាំងមូលឆ្លងទន្លេយ័រដាន់រួចអស់ហើយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរនាំគ្នាជ្រើសរើសយកបុរសដប់ពីរនាក់ ពីចំណោមប្រជាជន គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ លោកយ៉ូស្វេហៅបុរសដប់ពីរនាក់ ដែលលោកជ្រើសរើសក្នុងចំណោមជនជាតិអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរទៅខាងមុខហិបរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់។ នៅទីនោះ សូមឲ្យម្នាក់ៗយកថ្មមួយដុំមកដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?” អ្នករាល់គ្នាត្រូវប្រាប់គេថា “ព្រះអម្ចាស់បានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់ នៅខាងមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺនៅពេលគេសែងហិបនោះឆ្លងទន្លេយ័រដាន់ ព្រះអង្គបានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់។ ថ្មទាំងនេះជាទីរំឭកសម្រាប់ជនជាតិអ៊ីស្រាអែលរហូតតទៅ”»។ ជនជាតិអ៊ីស្រាអែលបានធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដូចព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូស្វេ។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។ លោកយ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។ ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។ នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស្វេ នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរបង្គាប់ក្រុមបូជាចារ្យដែលសែងហិបនៃសន្ធិសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ លោកយ៉ូស្វេក៏បង្គាប់ទៅក្រុមបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!»។ ពេលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។
អាន យ៉ូស្វេ 4
ស្ដាប់នូវ យ៉ូស្វេ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 4:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ