យ៉ូស្វេ 4:1-19
យ៉ូស្វេ 4:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសយកបុរសដប់ពីរនាក់ពីចំណោមប្រជាជន គឺកុលសម្ព័ន្ធមួយៗរើសយកម្នាក់ ហើយបង្គាប់ពួកគេថា "ចូរអ្នករាល់គ្នាយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះទៅជាមួយ ទៅដាក់នៅកន្លែងដែលអ្នករាល់គ្នានឹងស្នាក់នៅយប់នេះ"»។ ពេលនោះ លោកយ៉ូស្វេក៏ហៅបុរសដប់ពីរនាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ដែលលោកបានតម្រូវ គឺកុលសម្ព័ន្ធមួយៗយកម្នាក់។ លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរដើរទៅខាងមុខហិបរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់ ហើយយកថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល ដើម្បីឲ្យបានជាទីសម្គាល់នៅក្នុងចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា "តើថ្មទាំងនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។ ប្រជាជនអ៊ីស្រាអែលក៏ធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបានបង្គាប់ គឺគេយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេ។ ពួកគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់នៅត្រង់កន្លែងដែលគេស្នាក់នៅ។ លោកយ៉ូស្វេដាក់ថ្មដប់ពីរដុំនៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងរបស់ពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញាបានឈរ ហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃ។ ពួកសង្ឃដែលសែងហិប នាំគ្នាឈរនៅកណ្ដាលទន្លេយ័រដាន់ រហូតដល់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកយ៉ូស្វេប្រាប់ប្រជាជនបានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ។ ប្រជាជននាំគ្នាឆ្លងយ៉ាងប្រញាប់ប្រញាល់។ កាលប្រជាជនទាំងអស់បានឆ្លងផុតហើយ ហិបនៃព្រះយេហូវ៉ា និងពួកសង្ឃក៏ឆ្លងទៅនៅខាងមុខប្រជាជន។ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានឆ្លងទៅនៅខាងមុខប្រជាជនអ៊ីស្រាអែលទាំងប្រដាប់អាវុធ ដូចលោកម៉ូសេបានបង្គាប់។ ពួកគេមានចំនួនប្រហែលបួនម៉ឺននាក់ទាំងប្រដាប់អាវុធ ឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលទំនាបក្រុងយេរីខូរ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានលើកតម្កើងលោកយ៉ូស្វេ នៅចំពោះភ្នែកពួកអ៊ីស្រាអែលទាំងអស់ ហើយគេគោរពកោតខ្លាចលោក ដូចគេបានគោរពកោតខ្លាចលោកម៉ូសេដែរ អស់មួយជីវិតរបស់លោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ ដូច្នេះ លោកយ៉ូស្វេក៏បង្គាប់ពួកសង្ឃថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!» កាលពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានឡើងពីកណ្ដាលទន្លេយ័រដាន់មក ហើយដាក់បាតជើងជាន់នៅលើដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរទម្លាក់មកតាមកន្លែងធម្មតាវិញ គឺលិចមាត់ច្រាំងទាំងអស់ដូចពីមុន។ ប្រជាជនបានឡើងពីទន្លេយ័រដាន់មក នៅថ្ងៃទីដប់នៃខែទីមួយ ហើយគេក៏បោះជំរំនៅត្រង់គីលកាល នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូរ។
យ៉ូស្វេ 4:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលប្រជាជាតិទាំងមូលឆ្លងទន្លេយ័រដាន់រួចអស់ហើយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរនាំគ្នាជ្រើសរើសយកបុរសដប់ពីរនាក់ ពីចំណោមប្រជាជន គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ លោកយ៉ូស្វេហៅបុរសដប់ពីរនាក់ ដែលលោកជ្រើសរើសក្នុងចំណោមជនជាតិអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរទៅខាងមុខហិបរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់។ នៅទីនោះ សូមឲ្យម្នាក់ៗយកថ្មមួយដុំមកដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?” អ្នករាល់គ្នាត្រូវប្រាប់គេថា “ព្រះអម្ចាស់បានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់ នៅខាងមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺនៅពេលគេសែងហិបនោះឆ្លងទន្លេយ័រដាន់ ព្រះអង្គបានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់។ ថ្មទាំងនេះជាទីរំឭកសម្រាប់ជនជាតិអ៊ីស្រាអែលរហូតតទៅ”»។ ជនជាតិអ៊ីស្រាអែលបានធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដូចព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូស្វេ។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។ លោកយ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។ ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។ នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស្វេ នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរបង្គាប់ក្រុមបូជាចារ្យដែលសែងហិបនៃសន្ធិសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ លោកយ៉ូស្វេក៏បង្គាប់ទៅក្រុមបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!»។ ពេលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។
យ៉ូស្វេ 4:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយ៉ូស្វេថា ចូររើសយកមនុស្ស១២នាក់ពីពួកបណ្តាជន គឺម្នាក់ពីពូជអំបូរមួយៗ ហើយបង្គាប់គេថា ចូរឯងរាល់គ្នាយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះ ទៅជាមួយនឹងឯង ហើយដាក់នៅត្រង់កន្លែងដែលឯងនឹងស្នាក់នៅយប់នេះ នោះយ៉ូស្វេក៏ហៅមនុស្ស១២នាក់ មកពីពួកកូនចៅអ៊ីស្រាអែលដែលគាត់បានដំរូវជាមុន គឺម្នាក់ពីពូជអំបូរមួយៗ ប្រាប់គេថា ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដល់កណ្តាលទន្លេយ័រដាន់ ហើយយកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច នោះឯងរាល់គ្នានឹងប្រាប់ថា នេះដោយព្រោះទឹកទន្លេយ័រដាន់បានត្រូវកាត់ផ្តាច់ នៅខាងមុខហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គឺកាលហឹបនោះបានឆ្លងទន្លេយ័រដាន់ នោះទឹកទន្លេបានត្រូវកាត់ផ្តាច់ចេញ ដូច្នេះថ្មទាំងនេះនឹងបានសំរាប់ជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់យ៉ូស្វេ គេយកថ្ម១២ដុំពីកណ្តាលទន្លេយ័រដាន់ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងលោក ហើយគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់ត្រង់កន្លែងដែលគេស្នាក់នៅ។ យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ ឯពួកសង្ឃជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់ កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា នឹងពួកសង្ឃក៏ឆ្លងទៅនៅចំពោះមុខគេ ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា ចូរបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីបន្ទាល់ ឲ្យឡើងពីទន្លេយ័រដាន់មក នោះយ៉ូស្វេក៏បង្គាប់ដល់ពួកសង្ឃថា ចូរនាំគ្នាឡើងមក កាលពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានឡើងពីកណ្តាលទន្លេយ័រដាន់មក ដាក់បាតជើងជាន់នៅលើដីគោកហើយ នោះទឹកទន្លេយ័រដាន់ក៏ហូរទំលាក់មកតាមកន្លែងធម្មតាវិញ ព្រមទាំងលិចមាត់ច្រាំងទាំងអស់ ដូចពីកាលមុន។ រីឯកាលពួកបណ្តាជនបានឡើងពីទន្លេយ័រដាន់មក នោះគឺជាថ្ងៃ១០ខែចេត្រ គេក៏ដំឡើងត្រសាលនៅត្រង់គីលកាល ក្បែរព្រំក្រុងយេរីខូរខាងកើត