ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ អ្នករាល់គ្នា និងពលទាហានទាំងអស់ ត្រូវដើរព័ទ្ធជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។ ត្រូវឲ្យបូជាចារ្យ ប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី*។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមបូជាចារ្យផ្លុំស្នែងចៀម។ ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសម្រុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។ លោកយ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមបូជាចារ្យមក មានប្រសាសន៍ទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យបូជាចារ្យប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពលទាហានប្រដាប់អាវុធដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស្វេ គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។ ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្ដីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាឲ្យស្រែក នោះសឹមស្រែក»។ លោកឲ្យគេសែងហិបរបស់ព្រះអម្ចាស់ដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសម្រាកពេលយប់នៅទីនោះទៅ។ លោកយ៉ូស្វេក្រោកពីព្រលឹម ហើយក្រុមបូជាចារ្យនាំគ្នាសែងហិបព្រះអម្ចាស់សាជាថ្មី។ បូជាចារ្យទាំងប្រាំពីរនាក់ដែលកាន់ស្នែងចៀមដើរខាងមុខហិបព្រះអម្ចាស់ ក៏ចេញដំណើរម្ដងទៀត ទាំងផ្លុំស្នែងផង។ មានពលទាហានប្រដាប់អាវុធដើរខាងមុខ ហើយក៏មានពលទាហានដើរតាមក្រោយហិបព្រះអម្ចាស់ដែរ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ នៅថ្ងៃទីពីរនោះ ពួកគេដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចវិលចូលជំរំវិញ។ ពួកគេធ្វើដូច្នេះអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។
អាន យ៉ូស្វេ 6
ស្ដាប់នូវ យ៉ូស្វេ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 6:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ