ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី! នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។ កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។ ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។ បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត ព្រះអម្ចាស់បានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។ ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួន ពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើស ដែលរកវាលស្មៅស៊ីលែងបានទៀត។ ពួកគេចាកចេញទៅ ទាំងបាក់កម្លាំង នៅមុខសត្រូវដែលដេញតាម។ នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។ យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ* អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។ ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។ «ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនា របស់ខ្ញុំម្ចាស់ផង សត្រូវមានជ័យជម្នះលើខ្ញុំម្ចាស់ហើយ!» សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង នាងឃើញប្រជាជាតិនានាចូលមកក្នុង ទីសក្ការៈរបស់ព្រះអម្ចាស់ គឺប្រជាជាតិដែលព្រះអង្គបានហាមមិនឲ្យ ចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។ ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមកខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់! អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធដ៏ខ្លាំង ព្រះអង្គបានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
អាន បរិទេវ 1
ស្ដាប់នូវ បរិទេវ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បរិទេវ 1:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ