លូកា 1:39-55

លូកា 1:39-55 គខប

នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។ នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សាបិត។ ពេល​នាង​អេលី‌សាបិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។ តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​សម្រេច​មិន​ខាន»។ ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់* ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ព្រះអង្គ​ទត​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះអង្គ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ព្រះ‌នាម​របស់​ព្រះអង្គ​ពិត​ជា​វិសុទ្ធ*​មែន! ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះអង្គ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រះអង្គ​បាន​សម្តែង​ឫទ្ធិ‌បារមី កម្ចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះអង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។ ព្រះអង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មាន ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ព្រះអង្គ​បាន​ជួយ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក ជានិច្ច​ត​រៀង​ទៅ ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។