ពេលនោះ លោកសាការីជាឪពុករបស់ទារក បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម គឺព្រះអង្គសង្គ្រោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ព្រះអង្គសម្តែងព្រះហឫទ័យ មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី* ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា ព្រះអង្គនឹងរំដោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន ដោយឥតភ័យខ្លាច ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ* និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី* របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។ ព្រះរបស់យើងមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប ព្រះអង្គប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
អាន លូកា 1
ស្ដាប់នូវ លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:67-79
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ