ពេលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើយញ្ញបូជា តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ឥឡូវនេះ ចូរនាំគ្នាទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រណីសន្ដោសពួកយើង! «បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា ដោយរាក់ទាក់ឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលតង្វាយពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់ព្រះអម្ចាស់សៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន ម៉ាឡាគី 1
ស្ដាប់នូវ ម៉ាឡាគី 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 1:8-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ