ម៉ាឡាគី 1:8-13

ម៉ាឡាគី 1:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង។ ការ​ទាំង​អស់​នេះ​កើត​ឡើង​ដោយ‌សារ​អ្នក​រាល់​គ្នា ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ទទួល​អ្នក​រាល់​គ្នា​ដោយ​រាក់​ទាក់​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​យើង ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?

ចែក​រំលែក
អាន ម៉ាឡាគី 1

ម៉ាឡាគី 1:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសា‌ភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ពួក​យើង! «បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា ដោយ​រាក់‌ទាក់​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។ អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ម៉ាឡាគី 1

ម៉ាឡាគី 1:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច នឹង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ចូរ​ជូន​ដល់​ចៅហ្វាយ​ឯង​ល​មើល បើ​លោក​សុខ​ចិត្ត​នឹង​ឯង ឬ​យ៉ាង​ណា ឬ​បើ​លោក​នឹង​ទទួល​ឯង​ឬ​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឥឡូវ​នេះ ខ្ញុំ​សូម​អ្នក​រាល់​គ្នា​ឲ្យ​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តល់​ព្រះ‌គុណ​ដល់​យើង ការ​ទាំង​អស់​នេះ​បាន​កើត​ដោយ‌សារ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ទ្រង់​នឹង​ទទួល​មុខ​អ្នក​រាល់​គ្នា​ណា​១​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​អញ ព្រម​ទាំង​ដង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ប៉ុន្តែចំណែក​ឯង​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​អញ​ទេ​ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ ឯង​រាល់​គ្នា​ក៏​ថា យីះ ការ​នេះ​រអា​ចិត្ត​ណាស់ ហើយ​បាន​ធ្វើ​សូរ​ហិះៗ​ដាក់​ការ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឯង​រាល់​គ្នា​នាំ​យក​របស់​ដែល​ប្លន់​យក​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច នឹង​សត្វ​ឈឺ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​រាល់​គ្នា​នាំ​ដង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា តើ​គួរ​ឲ្យ​អញ​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា​ឬ​ទេ

ចែក​រំលែក
អាន ម៉ាឡាគី 1