ម៉ាថាយ 12

12
ព្រះ‌យេស៊ូ​មាន​អំណាច​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ
(ម៉ាកុស ២.២៣-២៨ លូកា ៦.១-៥)
1 មាន​គ្រា​មួយ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ* សិស្ស*​របស់​ព្រះអង្គ​ឃ្លាន​ពេក​ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។ 2ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។ 3 ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន 4 គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​គម្ពីរ‌វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំប៉័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ? 5 ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌វិហារ* សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គម្ពីរ‌វិន័យ​នោះ​ទេ? 6ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌វិហារ​ទៅ​ទៀត។ 7 ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ 8ដ្បិត​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*»។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ៣.១-៦ លូកា ៦.៦-១១)
9ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ។ 10មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ។ 11 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ? 12រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ»។
13ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។
14ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះអង្គ។ 15កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​ទៅ​ដែរ។ ព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា 16តែ​ព្រះអង្គ​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះអង្គ​ជា​នរណា​ឡើយ 17ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​អេសាយ​ថា៖
18 «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន
ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់
ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។
យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង
ឲ្យ​សណ្ឋិត​លើ​លោក
ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍
ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។
19 លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ
ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង
គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ
តាម​ទី‌ផ្សារ​ទេ។
20 លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល
ទក់​ហើយ​នោះ​ឡើយ
ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង
រលត់​នោះ​ដែរ។
លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ
សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។
21 ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា
សង្ឃឹម​លើ​លោក»
ព្រះ‌យេស៊ូ​ឆ្លើយ​តប​នឹង​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ
(ម៉ាកុស ៣.២០-៣០, លូកា ១១.១៤-២៣)
22ពេល​នោះ មាន​គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​មក​គាល់​ព្រះអង្គ។ អារក្ស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង គ​ថ្លង់​ផង។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។ 23មហា‌ជន​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន!»។ 24 ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។ 25ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។ 26បើ​មារ*​សាតាំង​បណ្ដេញ​មារ​សាតាំង ហើយ​វា​បាក់​បែក​ទាស់‌ទែង​នឹង​ខ្លួន​វា ធ្វើ​ម្ដេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន!។ 27ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំ‌ខាន។ 28ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ 29ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ 30 អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ 31ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​ព្រះ‌វិញ្ញាណ​វិញ ព្រះអង្គ​នឹង​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ 32 បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស* ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្ដី ក៏​ព្រះអង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ដែរ»។
ដើម​ឈើ​ល្អ ដើម​ឈើ​អាក្រក់
(លូកា ៦.៤៣-៤៥)
33 «បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។ 34 នែ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ 35មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។ 36ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះអង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ 37ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយ‌សារ​ពាក្យ​សម្ដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​អ្នក​ដែរ»។
ទី​សម្គាល់​របស់​លោក​យ៉ូណាស
(ម៉ាកុស ៨.១១-១២ លូកា ១១.២៩-៣២)
38 នៅ​ពេល​នោះ មាន​ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។
39 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង។ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ 40 លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ 41 នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ​ឮ​សេចក្ដី​លោក​យ៉ូណាស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ត​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ 42 នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។
ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​វិញ្ញាណ​អាក្រក់​ចូល​ម្ដង​ទៀត
(លូកា ១១.២៤-២៦)
43«កាល​បើ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ 44វា​មុខ​ជា​និយាយ​ថា“អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​ល្អ 45វា​នឹង​ចេញ​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។
ព្រះ‌ញាតិ​វង្ស​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូ
(ម៉ាកុស ៣.៣១-៣៥ លូកា ៨.១៩-២១)
46ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បងប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះអង្គ។ 47មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បងប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ 48ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បងប្អូន​ខ្ញុំ?»។ 49ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ចង្អុល​ទៅ​ពួក​សិស្ស* ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ 50ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 12: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល