សុភាសិត 11:16-31

សុភាសិត 11:16-31 គខប

ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។ អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។ មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។ សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​វៀច‌វេរ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។ មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។ ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។ មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។ មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។ មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចម្រុង‌ចម្រើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។ អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។ មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ រីឯ​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។ អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។ អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់‌ទាញ​ចិត្ត​មនុស្ស។ មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។