ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។ សម្ដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។ ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។ មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅជាមនុស្សឆ្លាត។ ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។ សម្ដីរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចំណេះ រីឯមនុស្សខ្លៅវិញ មិនអាចបណ្ដុះបណ្ដាលបានទេ។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។ អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។ ព្រះអម្ចាស់ជ្រាបអ្វីៗនៅស្ថានមច្ចុរាជ និងនៅនរកអវិចី ចំណែកឯចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។ មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។ ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។ អ្នកចេះពិចារណាតែងតែស្វែងរកចំណេះ រីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។ ចំពោះមនុស្សកម្សត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។ ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។ កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
អាន សុភាសិត 15
ស្ដាប់នូវ សុភាសិត 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 15:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ