សុភាសិត 21:17-31

សុភាសិត 21:17-31 គខប

អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។ មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀង‌ត្រង់។ ស៊ូ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។ ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។ អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។ មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កម្ទេច​កំពែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។ អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សម្ដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។ មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។ បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។ មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។ ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។ សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។ មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀង‌ត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។ គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។ គេ​រៀប​ទ័ព​សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។