សុភាសិត 24:1-22

សុភាសិត 24:1-22 គខប

កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។ ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្ត‌រាយ។ ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។ អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។ មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​ឲ្យ​មាន​ជោគ​ជ័យ។ មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​បាន​ឡើយ។ អ្នក​ណា​ចេះ​តែ​រិះគិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។ មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។ បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។ ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។ បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះអង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះអង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។ រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។ កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។ ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ ក្រែង​លោ​ព្រះ‌អម្ចាស់ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។ កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។ មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។ កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។