សុភាសិត 24:1-22

សុភាសិត 24:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ចង់​ប្រាថ្នា​ទៅ​នៅ​ជា‌មួយ​គេ​ដែរ ដ្បិត​ចិត្ត​គេ​គិត​គូរ​តែ​កាល​សង្កត់‌សង្កិន ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្ដី​ប្រទូស‌រ៉ាយ។ ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន ហើយ​ដោយ‌សារ​តម្រិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។ មនុស្ស​មាន​ប្រាជ្ញា​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ដែល​មាន​តម្រិះ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន​នោះ ទើប​បាន​ជ័យ​ជម្នះ។ ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។ អ្នក​ណា​ដែល​គិត​គូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។ គំនិត​គិត​ពី​សេចក្ដី​ចម្កួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល​ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។ ប្រសិន‌បើ​ឯង​មិន​ក្លាហាន​ក្នុង​ថ្ងៃ​លំបាក បាន​សេចក្កី​ថា​ឯង​មាន​កម្លាំង​ខ្សោយ​ណាស់។ ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង​រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ទី​សម្លាប់​ចុះ បើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ? កូន​អើយ ចូរ​បរិ‌ភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស់​ផ្អែម​ដល់​មាត់​ឯង។ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។ នែ៎ មនុស្ស​អាក្រក់​អើយ កុំ​លប​ចាំ​ប្រទូស្ត​នឹង​លំ‌នៅ របស់​មនុស្ស​សុចរិត​ឡើយ កុំ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​ប្រាំពីរ​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់ ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​វិញ។ កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ ក្រែង​ព្រះ‌យេហូវ៉ា​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។ កុំ​ឲ្យ​ក្តៅ​ចិត្តដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។ កូន​អើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ ដ្បិត​សេចក្ដី​អន្ត‌រាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន?

ចែក​រំលែក
អាន សុភាសិត 24

សុភាសិត 24:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។ ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្ត‌រាយ។ ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។ អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។ មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​ឲ្យ​មាន​ជោគ​ជ័យ។ មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​បាន​ឡើយ។ អ្នក​ណា​ចេះ​តែ​រិះគិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។ មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។ បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។ ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។ បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះអង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះអង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។ រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។ កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។ ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ ក្រែង​លោ​ព្រះ‌អម្ចាស់ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។ កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។ មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។ កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

ចែក​រំលែក
អាន សុភាសិត 24

សុភាសិត 24:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​សោះ​ឡើយ ក៏​កុំ​ឲ្យ​ចង់​ទៅ​រួម​នៅ​នឹង​គេ​ដែរ ដ្បិត​ចិត្ត​គេ​គិត‌គូរ​តែ​ការ​សង្កត់‌សង្កិន​ទទេ ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្ដី​ប្រទូស‌រ៉ាយ។ ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ‌សារ​ប្រាជ្ញា ហើយ​គឺ​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ‌មួន ហើយ​ដោយ‌សារ​ដំរិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។ មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កំឡាំង​ច្រើន អើ មនុស្ស​ដែល​មាន​ដំរិះ​ក៏​ចំរើន​អំណាច​ខ្លួន​ឡើង ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ‌ជំនះ។ ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។ អ្នក​ណា​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។ គំនិត​គិត​ពី​សេចក្ដី​ចំកួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល‌ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។ បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ។ ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​ដឹក‌នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង‌រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ឯ​ទី​សំឡាប់​ចុះ បើ​ឯង​ថា មើល យើង​មិន​បាន​ដឹង​ទេ ឯ​ព្រះ​ដែល​ទ្រង់​ថ្លឹង​មើល​ចិត្ត តើ​ទ្រង់​មិន​ពិចារណា​ឃើញ ហើយ​ដែល​ទ្រង់​ថែ​រក្សា​ព្រលឹង​ឯង តើ​មិន​ជ្រាប​ទេ​ឬ តើ​ទ្រង់​នឹង​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ​តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ​អី។ កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស​ផ្អែម​ដល់​មាត់​ឯង​ផង គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថាប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង​នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។ នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្ដី​អន្តរាយ​វិញ។ កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫទ័យ រួច​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។ កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។ កូន​អើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេព‌គប់​នឹង​មនុស្ស​ដែល​តែង‌តែ​សាវា​ឡើយ ដ្បិត​សេចក្ដី​អន្តរាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន។

ចែក​រំលែក
អាន សុភាសិត 24