សុភា‌សិត 24:1-22

សុភា‌សិត 24:1-22 គកស១៦

កុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ចង់​ប្រាថ្នា​ទៅ​នៅ​ជា‌មួយ​គេ​ដែរ ដ្បិត​ចិត្ត​គេ​គិត​គូរ​តែ​កាល​សង្កត់‌សង្កិន ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្ដី​ប្រទូស‌រ៉ាយ។ ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន ហើយ​ដោយ‌សារ​តម្រិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។ មនុស្ស​មាន​ប្រាជ្ញា​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ដែល​មាន​តម្រិះ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន​នោះ ទើប​បាន​ជ័យ​ជម្នះ។ ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។ អ្នក​ណា​ដែល​គិត​គូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។ គំនិត​គិត​ពី​សេចក្ដី​ចម្កួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល​ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។ ប្រសិន‌បើ​ឯង​មិន​ក្លាហាន​ក្នុង​ថ្ងៃ​លំបាក បាន​សេចក្កី​ថា​ឯង​មាន​កម្លាំង​ខ្សោយ​ណាស់។ ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង​រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ទី​សម្លាប់​ចុះ បើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ? កូន​អើយ ចូរ​បរិ‌ភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស់​ផ្អែម​ដល់​មាត់​ឯង។ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។ នែ៎ មនុស្ស​អាក្រក់​អើយ កុំ​លប​ចាំ​ប្រទូស្ត​នឹង​លំ‌នៅ របស់​មនុស្ស​សុចរិត​ឡើយ កុំ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​ប្រាំពីរ​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់ ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​វិញ។ កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ ក្រែង​ព្រះ‌យេហូវ៉ា​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។ កុំ​ឲ្យ​ក្តៅ​ចិត្តដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។ កូន​អើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ ដ្បិត​សេចក្ដី​អន្ត‌រាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន?

អាន សុភា‌សិត 24