កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេឡើយ។ ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យប្រទូស្តរាយ។ ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹងមាំ ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។ អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។ មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។ មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយបានឡើយ។ អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។ មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡកឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។ បើអ្នកបាត់បង់សេចក្ដីក្លាហានក្នុងពេលមានអាសន្ន បានសេចក្ដីថា កម្លាំងរបស់អ្នកទន់ខ្សោយណាស់។ ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់។ បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ព្រះអង្គពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយព្រះអង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។ កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតទឹកឃ្មុំមានរសជាតិឆ្ងាញ់ ហើយផ្អែមជាប់មាត់។ រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។ កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិចបំផ្លាញទីលំនៅរបស់គេដែរ ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។ ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរាជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីករាយដែរ ក្រែងលោព្រះអម្ចាស់ទតឃើញ ទ្រង់មិនសព្វព្រះហឫទ័យ ហើយទ្រង់លែងធ្វើទោសគេ។ កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។ មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។ កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។
អាន សុភាសិត 24
ស្ដាប់នូវ សុភាសិត 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 24:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ