សុភាសិត 27:15-27

សុភាសិត 27:15-27 គខប

ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់ នៅ​ថ្ងៃ​មាន​ភ្លៀង។ នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។ ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បម្រើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។ មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។ ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។ ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។ ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។ ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។ ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។ អ្នក​អាច​មាន​សម្លៀក‌បំពាក់ ដោយ‌សារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចម្ការ​ថ្មី​ដោយ‌សារ​លក់​ចៀម​ឈ្មោល។ ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក។