អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។ ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។ មនុស្សក្រីក្រសង្កត់សង្កិនមនុស្សទុគ៌ត ប្រៀបបាននឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ជន់បំផ្លាញដំណាំអស់។ អស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។ មនុស្សទុច្ចរិតមិនយល់អំពីយុត្តិធម៌ទេ រីឯអ្នកស្វែងរកព្រះអម្ចាស់យល់សព្វគ្រប់ទាំងអស់។ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។ អ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ អ្នកនោះជាកូនចេះដឹង រីឯអ្នកដែលសេពគប់នឹងមនុស្សខិលខូច ធ្វើឲ្យឪពុកបាក់មុខ។ អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកម្រិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។ អ្នកណាមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។ អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។ អ្នកមានទ្រព្យរមែងស្មានថាខ្លួនមានប្រាជ្ញា តែមនុស្សទុគ៌តដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។ កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។ អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។ អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។
អាន សុភាសិត 28
ស្ដាប់នូវ សុភាសិត 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 28:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ